ភ្នំពេញ ៖ រដ្ឋបាលខណ្ឌចំការមនបានដាក់ឱ្យដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងបរិវេណវត្តទួលទំពូង ក្រោមវត្តមានលោក ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ, លោក ថេង សុថុល អភិបាលខណ្ឌចំការមន លោក គឹម ចាន់ឌីណា ប្រធានមន្ទីរផែនការរាជធានី និងលោក ម៉េត មាសភក្តី ប្រធានការិយាល័យវិនិយោគនិងផែនការ ព្រមទាំងលោក លោកស្រីជាអភិបាលរងខណ្ឌ ចៅសង្កាត់ទាំង៥ និងមានការចូលរួមដេញថ្លៃពីក្រុមហ៊ុនចំនួន៨ផងដែរ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានឱ្យដឹងថា ឆ្នាំនេះជាឆ្នាំទី២ របស់ក្រុមប្រឹក្សាសង្កាត់អាណត្តិទី៥ បានលើកផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួន តាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដោយក្រុមប្រឹក្សាសង្កាត់នីមួយៗ មានគណនេយ្យភាពជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សារាជធានីភ្នំពេញ មានការណែនាំពីទីប្រឹក្សាគ្រប់គ្រងកម្មវិធីជាតិ ថ្នាក់រាជធានីភ្នំពេញ មន្ទីរផែនការ ទីចាត់ការផែនការ និងវិនិយោគរាជធានី ព្រមទាំងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។
លោកបន្តថា “ក្នុងឆ្នាំនេះ យើងបានដំណើរការដេញថ្លៃគម្រោងរបស់សង្កាត់ទាំង៥ បានខិតខំកែលម្អសោភណភាព កសាងហេដ្ឋារចនាសម្ព័ន្ឋរូបវ័ន្ត ដូចជាការជួសជុលផ្លូវបេតុងគ្មានសរសៃដែក ជីកដាក់លូរំដោះទឹក ជួសជុលផ្លូវអ៊ុតកៅស៊ូ ជាដើម ។
ក្នុងនោះសង្កាត់ទន្លេបាសាក់ដេញថ្លៃគម្រោងជួសជុលដាក់លូរំដោះទឹកមូល និងផ្លូវបេតុងគ្មានសរសៃដែក ក្នុងភូមិ១៣ ចំនួន២ខ្សែ៖ ខ្សែទី១ប្រវែង១១៦ម៉ែត្រ អង្កត់ផ្ចិត ០,៦ម៉ែត្រ ចាក់បេតុង១.២.៣កម្រាស់ ១៥០មម ចំនួន ១០៧ម២ និងខ្សែទី២ប្រវែង៥៥ម៉ែត្រ អង្កត់ផ្ចិត០,៦ម៉ែត្រ ចាក់បេតុង១.២.៣ កម្រាស់១៥០មម ចំនួន៧០មម ចំនួន៤៨,៨ម២ និងផ្លូវបេតុងគ្មានសរសៃដែក(គ្រឹះថ្មមិច) ប្រវែង០,១៦៦គ.ម ទទឹង២ម កម្រាស់ ០,១៥ម ស្ថិតនៅក្នុងភូមិ១៣ និងស្លាកសញ្ញាគម្រោង១កន្លែង ។
-សង្កាត់បឹងត្របែក ដេញថ្លៃគម្រោង ជួសជុលដាក់ប្រព័ន្ធលូរំដោះទឹកមូល ផ្លូវលេខ៩៥ ភូមិ៥,៦ ប្រវែង ២៨៧ម x ០,៦០ម និងស្លាកសញ្ញាគម្រោង១កន្លែង។
-សង្កាត់ទួលទំពូង១ ដេញថ្លៃគម្រោង ដាក់លូមូលរំដោះទឹកប្រវែង២២៦ម អង្កត់ផ្ចិត ០.៦ម និងចាក់បេតុងកម្រាស់ ៧០មម ចំនួន២០២ម២ ចាក់បេតុងកាត់ថ្នល់៣កន្លែង កម្រាស់១៥០មមចំនួន ២៤ម២ ។
-សង្កាត់ទួលទំពូងទី២ ដេញថ្លៃគម្រោង ៖ ចាក់ផ្លូវអ៊ុតកៅស៊ូអាល់ស្វាល់ ២ខ្សែ ៖ ខ្សែទី១ មានប្រវែង ០,០៨៧គ.ម ទទឹង៤,៤០ម៉ែត្រ មានកម្រាស់ ៥០ម.ម និងខ្សែទី២មានប្រវែង០,០៩៤គ.ម ទទឹង ៨,១០ម៉ែត្រ មានកម្រាស់ ៥០ម.ម ។
-សង្កាត់ផ្សារដើមថ្កូវ ដេញថ្លៃលើគម្រោងជួសជុលផ្លូវបេតុងគ្មានសរសៃដែក (គ្រឹះថ្មមិច) ប្រវែង ០,២១៩.គទ ទទឹង៤ម ភូមិ៥ និងស្លាកសញ្ញាគម្រោង១កន្លែង។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ បានស្នើឱ្យគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ត្រូវពិនិត្យឱ្យបានហ្មត់ចត់ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាបត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគម្រោងជាប្រចាំ និងត្រួតពិនិត្យវាយតម្លៃដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវរៀបចំកិច្ចសន្យាគម្រោង សូមកុំគិតតែពីប្រាក់ចំណេញពេក ដែលអាចគ្មានគុណភាពក្នុងការអនុវត្តគម្រោង ។
លោក ស៊ុយ សេរិទ្ឋ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ក្រុមហ៊ុនត្រូវមានក្រមសីលធម៌ មានបទពិសោធន៍។កន្លងមកមានក្រុមហ៊ុនទទួលបានការចូលរួមក្នុងកិច្ចលទ្ធកម្មនេះ ជាច្រើន ក្នុងនោះមានក្រុមហ៊ុនមួយចំនួនតូចហ៊ានដេញថ្លៃទាបខ្លាំងជាងតម្លៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគម្រោង គឺមានភាពរយីករយាក យឺតពេល គ្មានសោភណភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ពោលក្រុមហ៊ុននោះចូលមកបំផ្លាញគម្រោងរបស់សង្កាត់តែម្តង ។ តែទន្ទឹមនឹងនោះ ក៏មានអ្នកទទួលការមួយចំនួនធំ មានការទទួលខុសត្រូវ និងអនុវត្តបានល្អ រហូតទទួលបាននូវបណ្ណសរសើរពីសាលារាជធានីភ្នំពេញទៀតផង។
នៅក្នុងឱកាសនោះដែរ លោកក៏បានណែនាំដល់ក្រុមហ៊ុនចូលរួមដេញថ្ងៃទាំងអស់ត្រូវពិចារណាឱ្យបានច្បាស់លាស់ពីតម្លៃ និងស្ថានភាពទីតាំងគម្រោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្លៃ។ កុំឱ្យមានការដេញបែបបំផើមចោល បានន័យថា ក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន ។
លោកអភិបាលរង ក៏បានជំរុញឱ្យក្រុមហ៊ុនម៉ៅការ ត្រូវរៀបចំដាក់ស្លាកសញ្ញាការដ្ឋាន ដើម្បីជូនដំណឹងដល់ប្រជាពលរដ្ឋ ជៀសវាងប៉ះពាល់ដល់ការធ្វើដំណើរ ឬក៏អាជីវកម្មរបស់ពួកគាត់ផងដែរ ៕
ដោយ៖ ជីណា