ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះឈជើងតាមបន្ទាត់ព្រំដែនបានឃាត់រថយន្ត២គ្រឿងដឹកពលករខ្មែរបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃងនៅវេលាម៉ោង៥៖១៥ នាទីរសៀល ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ដោយមានការយកចិត្តទុកដាក់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នឹងអនុវត្តន៍តាមបទបញ្ជាផ្ទាល់ពី លោក ឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលផែនការងារព្រំដែន នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ហាំ វណ្ណ: មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ បានចាត់តាំង លោក វរសេនីយ៍ទោ អុិម ឈឿយ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ដឹកនាំកម្លាំងអន្តរាគមន៍ចំនួន ១៥ នាក់ និង លោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកបុស្តិ៍ក្បាលស្ពានដឹកនាំ កម្លាំងប៉ុស្តិ៍ក្បាលស្ពានចំនួន០៤ នាក់ ស្លៀកពាក់ស៊ីវិលចូលបង្កប់ខ្លួនក្នុងចំណុចផ្ទះសំណាក់ ពៅ ពិសី ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីស្រាវជ្រាវរកមុខសញ្ញាមេខ្យល់នាំពលករខ្មែរ បម្រុង លួចឆ្លងដែនទៅប្រទេសថៃ លុះដល់ម៉ោង ២០៖៣៥នាទី យប់ កម្លាំងអន្តរាគមន៍ ដឹកនាំដោយលោក វរសេនីយ៍ទោ អុិម ឈឿយ មេបញ្ជាការរង នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ប្រធានវេន ប្រចាំបញ្ជាបានធ្វើការសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ផ្សារកណ្តាល និងកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ធ្វើការទប់ស្កាត់រថយន្ត២គ្រឿងម៉ាក សាំយ៉ុងពណ៌ស ស្លាកលេខភ្នំពេញ 2V.2810 និងរថយន្តម៉ាកកាម៉ារីស៊េរី៩៥ ពណ៌ស ស្លាកលេខបាត់ដំបង2A.2155។
លុះក្រោយមករថយន្តទាំង២នោះបានដាក់ពលករចោលទាំងអស់ ហើយបើកគេចរៀងៗខ្លួន ។
លុះដល់ចំណុចផ្លូវកែងខ្លាងាប់ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តម៉ាកកាម៉ារី១គ្រឿង ដែលជាអ្នកនាំមនុស្សឆ្លងដែនខុសច្បាប់ឈ្មោះឈុំ សាផុន ភេទប្រុស អាយុ២៨ឆ្នាំ រួមនិងពលករចំនួន១៤នាក់បាននាំខ្លួនយកទៅ កាន់ប៉ុស្តិ៍រដ្ឋបាល ឃុំទួលពង្រ ដើម្បីសួរនាំ ក្រោយពីការសាកសួររបស់សមត្ថកិច្ចតៃកុងរថយន្តបានសារភាពថា គេជាអ្នកដឹកមនុស្សឆ្លងដែនទៅក្រៅប្រទេស យកទៅឱ្យមេខ្យល់ពិតមែន ។
ខណៈនោះ រថយន្តដឹកពលករនិងតៃកុងរថយន្ត រួមនិងពលករ ទាំងអស់ បានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ សួរនាំបន្ត៕
ដោយ ៖ វណ្ណា