ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញចូលរួមពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និង លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services

ចែករំលែក៖

ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោករដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញចូលរួមពិភាក្សាការងារជាមួយ លោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA និង លោក Cho Jaejin នាយកប្រតិបត្តិនៃ Korea Agency of HACCP Accreditation and Services ហើយនិងសហការី   ដើម្បីពិនិត្យពិភាក្សាលើការសិក្សារៀបចំគម្រោងផ្តល់ជំនួយលើការពង្រឹងសមត្ថភាព សុវត្ថិភាពសាច់សត្វ សុខភាពសត្វ និងផលិតកម្មសត្វ ហើយនិងកសាងមន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពសត្វ ផលិតផលបសុសត្វនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើមលោករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការបានល្អប្រសើជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ក្នុងរយៈពេល ២៤ ឆ្នាំកន្លងមកនេះ ក្រោយទទួលបានការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីនៅឆ្នាំ១៩៩៧ ។ 

បន្ទាប់ពី លោក Hyunjun Rho បានថ្លែងអំណរគុណ និងបានរាយការណ័ពីគោលបំណងបេសកកម្មរួចមក លោក Cho Jaejin បានធ្វើសេចក្តីរាយការណ៍សង្ខេបពីចំនុចសំខាន់ៗនៃគម្រោងដែលត្រូវចុះពិនិត្យ វាយតម្លៃ និងគ្រោងថវិកាគម្រោងនៅពេលខាងមុខនេះ ដូចខាងក្រោម៖

 សាធារណរដ្ឋកូរ៉េគ្រោងនឹងផ្តល់ជំនួយមកប្រទេសកម្ពុជាតាមរយៈ គម្រោងសាងសង់មន្ទីរពិសោធន៍សុវត្ថិភាពផលិតផលសត្វ គុណភាពផលិតផលបសុសត្វ និងសារធាតុគីមីលើផលិតផលសត្វ និងកាកសំណល់បសុឱសថនៅក្នុងផលិតផលសត្វ និងសត្វ ដើម្បីចូលរួមចំណែកក្នុងការលើកកំពស់សុខុមាលភាពជាតិ តាមរយៈការបរិភោគផលិតផលសត្វដែលមានសុវត្ថិភាព និងលទ្ធភាពការនាំចេញផលិតផលសត្វនាពេលអនាគត។

 រយៈពេលនៃការអនុវត្តគម្រោងពីឆ្នាំ ២០២៣ ដល់ ២០២៧ (មានរយៈពេលប្រាំឆ្នាំ)

 តាមការប៉ាន់ស្មានថវិកាជាបឋម គឺត្រូវការថវិកាចំនួន ៨ ០០០ ០០០ (ប្រាំបីលាន) ដុល្លារអាមេរិក ដោយផ្តោតទៅលើលើការងារធំៗចំនួន៣៖

១) ពង្រឹងសមត្ថភាពធនធានមនុស្សលើការងារគ្រប់គ្រងបសុសត្វ និងសាច់សត្វ

២) ពង្រឹងសុវត្ថិភាព ប្រព័ន្ធគ្រប់គ្រងអនាម័យនិងភូតគាមអនាម័យ ហើយនិងបទដ្ឋានគិតិយុត្តក្រោមច្បាប់

៣) ការកសាងវិទ្យាស្ថានជាតិបសុសត្វ នៅកម្ពុជា។

ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី បានស្នើសុំឲ្យក្រុមការងារបេសកកម្មកូរ៉េជួយពិនិត្យមើល ពីបញ្ហាប្រឈមកម្ពុជា ទាក់ទងទៅនឹងកង្វះខាតបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធក្នុងការផលិត ស្រាវជ្រាវវ៉ាក់សាំង និងថ្នាំព្យាបាលសត្វ ក្នុងស្រុកដែលអាចទប់ស្កាត់ការរីករាលដាលជំងឺឆ្លងសត្វនៅកម្ពុជានាពេលខាងមុខ។ ជាកិច្ចឆ្លើយតប តំណាងក្រុមបេសកកម្មកូរ៉េបានយល់ព្រមទទួលយកសំណូមពររបស់ឯកឧត្តមរដ្ឋមន្រ្តី ហើយបានសន្យាថា នឹងធ្វើការសិក្សារួមបញ្ជូលទៅក្នុងគម្រោង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា និងបម្រើដល់ការនាំចេញសាច់សត្វរបស់កម្ពុជានាពេលអនាគត់៕

ដោយ ៖ សិលា


ចែករំលែក៖