ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានក្រុមប្រឹក្សារាជធានីបន្ដគាំទ្រ ការងារអភិវឌ្ឍន៍ និងសន្ដិសុខដល់កងកម្លាំងទាំងអស់ដែលបានពុះពារការលំបាកក្នុងបរិបទជំងឺកូវីដ-១៩ រហូតបានចូលរួមបើកប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញ

ចែករំលែក៖

     ភ្នំពេញ៖ លោក ម៉ប់ សារិន  ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ បានសម្ដែងនូវការគាំទ្រចំពោះការងាររបស់អាជ្ញាធររាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរខណ្ឌ សង្កាត់ទាំងអស់ដែលបានពុះពារជម្នះរាល់ការលំបាក ទាំងការទប់ស្កាត់បទល្មើសផ្សេងៗ ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពិសេសលើការទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ដែលបានឈានទៅដល់ការចូលរួមបើកប្រទេសឱ្យដំណើរការជាប្រក្រតីឡើងវិញនាពេលបច្ចុប្បន្ននេះ។

    ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ លោក ម៉ប់ សារិន ក៏បានគាំទ្រចំពោះអាជ្ញាធររាជធានីភ្នំពេញផងដែរ លើការងារពន្ធដារ ដោយអាជ្ញាធររាជធានីភ្នំពេញបានប្រមូលចំណូលពន្ធ១០ខែកន្លងមកបានលើសផែនការ និងសូមលើកទឹកចិត្តបន្តបង្កើនការប្រមូលពន្ធចំណូលពីរខែចុងឆ្នាំនេះឲ្យអស់លទ្ធភាពថែមទៀត ព្រោះនេះគឺជាចំណូលដ៏ធំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ បន្ថែមពីលើនេះទៀត ប្រធានក្រុមប្រឹក្សារាជធានីរូបនេះក៏បានថ្លែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធរក៏ដូចជាកងកម្លាំងប្រដាប់អាវុធដែលបានបង្ក្រាបបទល្មើសផ្សេងៗបានយ៉ាងល្អប្រសើរ ពិសេសគឺការយកចិត្តទុកដាក់បង្ក្រាបក្មេងទំនើងបាន៤៧ករណី ឃាត់ខ្លួនជនពាក់ព័ន្ធបាន៦០នាក់។ ក្រៅពីនេះទៀតការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការជួសជុលផ្លូវ លុបសំបុកមាន់បានច្រើនកន្លែង ច្រើនផ្លូវ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ ។       

    លោក ម៉ប់ សារិន ក៏បានអគុណចំពោះសកម្មភាពការងាររបស់រដ្ឋបាលរាជធានីភ្នំពេញលើការស្ដារអណ្ដូងលូ ការកាយសំរាម បើកផ្លូវទឹកឱ្យហូរដល់ស្ថានីយបានទាន់ពេលវេលា ធ្វើឱ្យការជន់លិចមានរយៈពេលខ្លី ។បន្ថែមលើនេះទៀតផងដែរ ការគ្រប់គ្រងការងារបរិស្ថាន អនាម័យនិងការគ្រប់គ្រងសំណល់រឹងរដ្ឋបាលរាជធានីភ្នំពេញក៏បានអនុវត្តបានយ៉ាងល្អប្រសើរផងដែរ។

       លោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ សម្រាប់រាជធានីភ្នំពេញពាក់ព័ន្ធនឹងបញ្ហាសំរាម តែងតែមានបញ្ហាប្រឈម។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តការគ្រប់គ្រងទុកដាក់សំរាមនេះបានល្អប្រសើរ ពិសេសនៅក្នុងដំណាក់កាលចុងក្រោយនេះ ពោលគឺ ក្រោយពីបើកឱ្យមានការប្រកួតប្រជែង

ការប្រមូលសំរាមពីក្រុមហ៊ុនចំនួន៣នោះ ឃើញថាសំរាមនៅរាជធានីភ្នំពេញមានលក្ខណៈល្អប្រសើរជាងមុន ។ ទោះជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើយ៉ាងណាឱ្យបញ្ហាសំរាមនេះមានភាពល្អប្រសើរជាងមុន ពិសេសធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមលើការ ទុកដាក់សំរាមនេះឲ្យបានល្អប្រសើរ។

   លោក ឃួង ស្រេង បានបន្តទៀតថា៖ គ្រប់កិច្ចការងារទាំងអស់ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ គឺមិនអាចទទួលបានជោគជ័យឡើយ។ ដូច្នេះហើយទើប រដ្ឋបាលរាជធានីភ្នំពេញតែងធ្វើការផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋធ្វើយ៉ាងណាឱ្យពួកគាត់បានចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញយើង។

      ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ អាជ្ញាធររាជធានីភ្នំពេញនឹងបន្តខិតខំប្រឹងប្រែងតទៅទៀតដើម្បីបង្កភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា៖ លោកម៉ប់ សារិន ត្រូវបានប្រកាសឱ្យចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជាថ្មីម្ដងទៀត នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣០របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ ជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាចំនួន២៦រូបទៀត៕

ដោយ ៖ សំរិត


ចែករំលែក៖