ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុសស្រី៣នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តស៊េរីទំនើបបើកបុកម៉ូតូជិះឆ្លងផ្លូវ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបណ្តាលឱ្យមនុស្ស​ប្រុស​ស្រីចំនួន០៣នាក់ មិន​ស្គាល់​អត្តសញ្ញាណបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។

ហេតុការណ៍នេះបានកើតឡើងកាលពី​យប់ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២១​ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៤៤-៤៥ ស្ថិតក្នុង​ភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​សមត្ថកិច្ច​មូលដ្ឋានបាន​ឱ្យដឹងថា ក្រោយកើតហេតុគេ​ឃើញ​រថយន្ដ​ម៉ាក ហ្វ​ដ រ៉ាប់​ទ័​រ (FORD RAPTOR) ពណ៌​ស មាន​អ្នក​ដោះ​ស្លាកលេខ​ចេញ និងមិនទាន់​ស្គាល់អត្តសញ្ញាណ​អ្នកបើកនោះទេដោយបានចុះរត់គេចខ្លួនបាត់។ មុនកើតហេតុរថយន្តនេះបានបើកតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅពីលិចទៅកើត ខណៈ​មកដល់ចំណុចកើតហេតុ បាន​បុក​ម៉ូតូមួយគ្រឿង ម៉ាក​ហុងដា ឌ្រី​ម ពាក់​ស្លាក​លេខ តាកែវ 1H-6748 អ្នកបើកបរម៉ូតូគឺជាបុរសម្នាក់ បានឌុប​មនុស្ស​ស្រី២នាក់ (​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទាំងអស់​) ដែល​កំពុងតែ​បើកបរឆ្លងផ្លូវ ពី​ទិស​ខាងត្បូងទៅទិសខាង​ជើង បណ្តាល​ឲ្យ​ស្លាប់ទាំងបី​នាក់ភ្លាមៗ​នៅនឹងកន្លែង​។​

បន្ទាប់ពីកើតហេតុ​សព​ជនរងគ្រោះ​ទាំងបី​នាក់ ត្រូវបានតម្កល់​នៅ​មន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពឺ​ រង់ចាំ​ក្រុមគ្រួសារមក​យកទៅ​ធ្វើបុណ្យតាម​ប្រពៃណី។​ ចំណែក​វត្ថុតាង ​ត្រូវបានសមត្ថកិច្ច​ជំនាញយកទៅរក្សាទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ស្រាវជ្រាវតាម​នីតិវិធី​៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖