ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរនឹងចាត់វិធានការបើម្ចាស់ផ្ទះរឹងទទឹងបន្តសាងសង់សំណង់រំលោភលើដីចំណីផ្លូវ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សំណង់រឹងសង់រៀបជាឥដ្ឋ២០ជារបស់ម្ចាស់ផ្ទះ ឈ្មោះ ម៉ែន ណារិន (ប្រុស) នៅព្រឹកថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២១នេះ ត្រូវក្រុមការងារចម្រុះ ចុះត្រួតពិនិត្យឃើញថាកំពុងសាងសង់រំលោភដីចំណីផ្លូវសាធារណៈរបស់រដ្ឋ ចំណុចផ្លូវកែង ទល់មុខចំណតរថយន្ត ស្ថិតនៅក្នុងភូមិបាលិលេយ្យ១ សង្កាត់.ក្រុងប៉ោយប៉ែត ក្រុមគណៈកម្មការតម្រូវឱ្យរុះរើចេញវិញជាកំហិត បើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ និងចាត់ការតាមនីតិវិធី។

លោក ខាត់ ធា នាយករងរដ្ឋបាលក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងារចម្រុះ បានប្រាប់ថា បន្ទាប់ពីក្រុមការងារចម្រុះ ធ្វើការវាស់វែងឃើញថា សំណង់របស់ម្ចាស់ឈ្មោះ ម៉ែន ណារិន (ប្រុស) ដែលសង់រំលោភលើដីចំណីផ្លូវខាងលើនេះពិតជាបានសាងសង់ចូលចំណីផ្លូវរដ្ឋពិតប្រាកដមែន។ ដែលមានទទឹង២.៩ម៉ែត្រ បណ្តោយ១៤.៩ម៉ែត្រ កំពស់៣.៤ម៉ែត្រ ដោយសង់ចាក់ជាធ្នឹម រៀបឥដ្ឋ២០ ជាប្រភេទសំណង់រឹង ដែលក្រុមការងារចម្រុះចុះធ្វើកំណត់ហេតុហៅម្ចាស់មកផ្តិតមេដៃ ឱ្យរុះរើចេញវិញ។

លោក ខាត់ ធា បញ្ចាក់ថា ជំហានដំបូងគឺក្រុមការងារចម្រុះ ធ្វើការហាមឃាត់មិនអនុញ្ញាតឱ្យសាងសង់បន្តទៀតទេ ដោយតម្រូវឲ្យម្ចាស់ផ្ទះ និងក្រុមការងារជាងដែលកំពុងសាងសង់ផ្តិតមេដៃ និងត្រូវរុះរើចេញវិញជាកំហិត បើមិនស្តាប់ក្រុមការងាររឹងទទឹងបន្តសាងសង់អាជ្ញាធរនិងរៀបចំចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖