ខេត្តស្ទឹងត្រែង ៖ ម៉ូតូ០២គ្រឿងបានបុកគ្នា នៅចំណុចខាងមុខភោជនីយដ្ឋានសាធុកា ៧១ លើផ្លូវខេត្ត តាមដងទន្លេសេកុង ស្ថិតក្នុងភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង បណ្តាលឱ្យយុវសិស្សម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខៀវ អត់ស្លាកលេខ បើកបរដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ ធ្វើដំណើរពីទិសខាងកើតទៅទិសខាងលិច បានបុកជាមួយម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង1C-1007 បើកបរដោយឈ្មោះ ហេង ខេមរាបុត្រ អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិថ្មលាត សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ក្នុងទិសដៅស្របគ្នាយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ អ្នកបើកបរម៉ូតូឈ្មោះ ហេង ខេមរាបុត្រ មិនបានពាក់មួក សុវត្ថិភាពទេ។ ភ្លាមៗនោះអ្នកបើកម៉ូតូបង្ក បានរត់គេចខ្លួនបាត់ដោយបន្សល់ទុកម៉ូតូ នៅនឹងកន្លែងកើតហេតុ។
យោងតាមការពិនិត្យនៅកន្លែងកើតហេតុ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពី អ្នកបើកបរបានបើកបរក្នុងល្បឿន លឿន៕
ដោយ៖ ជ្រោយពេជ្រ