ក្រោយរយៈពេល១ខែដែលបានបើកទ្វារព្រំដែន ឥណ្ឌា បានសម្រេចចេញច្បាប់ថ្មីស្តីពីការគ្រប់គ្រងការឆ្លងកូវីដ-១៩ ចំពោះអ្នកទេសចរបរទេស ដោយលើកលែងការធ្វើចត្តាឡីស័ក ចំពោះអ្នកទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន។
តាមការសម្រេចថ្មី មាន៩៩ប្រទេសស្ថិតនៅក្នុងបញ្ជីឈ្មោះលើកលែងការធ្វើចត្តាឡីស័កក្រោយការចាក់វ៉ាក់សាំងគ្រប់ចំនួន ។ អ្នកទេសចរទាំងនោះនឹងត្រូវតាមដានសុខភាពរបស់ខ្លួនផ្ទាល់ ក្នុងរយៈពេល១៤ថ្ងៃក្រោយការចូលក្នុងទឹកដីឥណ្ឌា។ ឥណ្ឌានិងចាប់ផ្តើមទទួលអ្នកទេសចរនៅថ្ងៃទី ១៥ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ចាប់ពីថ្ងៃទី១៥ខែតុលា ឥណ្ឌា បានបើកទ្វារទេសចរណ៍ សម្រាប់អ្នកទេសចរជាក្រុមមកពីបរទេសតាមជើងហោះហើរ បញ្ចប់រយៈពេល២០ខែនៃការបិទទ្វារ។ រដ្ឋាភិបាលឥណ្ឌាបានបញ្ជាក់ថា មានរលកកូវីដ-១៩ លើកទីពីរ វាយប្រហារឥណ្ឌា បណ្តាលឲ្យមានមនុស្ស ជាង ៤សែននាក់ឆ្លងកូវីដ-១៩ ក្នុងពេលមួយថ្ងៃ។
ក្នុងពេលដែលចំនួនអ្នកឆ្លងនៅទូទំាងប្រទេសឥណ្ឌាថយចុះនាពេលចុងក្រោយនេះ ប៉ុន្តែក្រុមអ្នកឯកទេសបានបញ្ជាក់ថា ការកាត់បន្ថយរឹតត្បិតនឹងធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ កើនឡើងជាថ្មីនៅក្នុងប្រទេសនេះ៕
ដោយ៖ធីរីណា(រូបថត៖AFP/TTXVN)