ភ្នំពេញ៖ លោកបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នឹងក្លាយជាអនុប្រធានទី១ រដ្ឋសភាជំនួសលោក ងួន ញ៉ិល ដែលបានទទួលមរណភាព។ នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាអ្នកនាំពាក្យរដ្ឋសភា។
លោក ឡេង ប៉េងឡុង បានឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា លោកជាម យៀប ត្រូវបានគណបក្សប្រជាជនកម្ពុជាស្នើសុំធ្វើជាអនុប្រធានទី១រដ្ឋសភា ជំនួសកន្លែងលោក ងួន ញ៉ិលដែលបានទទួលមរណភាពកាលពីកន្លងទៅថ្មីៗនេះ។
អ្នកនាំពាក្យបានគូសបញ្ជាក់ថា «ឯកឧត្តម ជាម យៀប ពិតជាត្រូវជំនួសកន្លែង ឯកឧត្តម ងួន ញ៉ិល ពិតមែន ។ ត្រឹមត្រូវ យើងនឹងធ្វើតាមនីតិវីធីរដ្ឋសភា ពីព្រោះថាជាសំណើ របស់គណបក្សប្រជាជនកម្ពុជា»។
លោក ឡេង ប៉េងឡុង បានឲ្យដឹងទៀតថា ការទទួលតួនាទីអនុប្រធានទី១ រដ្ឋសភា នឹងធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភានៅពេលខាងមុខ បន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំកំណត់ពេលវេលារួច។
លោកគូសបញ្ជាក់បន្ថែមថា «ជាសំណើរបស់គណបក្សប្រជាជនកម្ពុជា យើងនឹងប្រជុំអនុម័តនៅក្នុងសម័យប្រជុំពេញអង្គ ក្រោយពិធីបុណ្យអុំទូក»។
ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ក្នុងការអនុម័តជ្រើសរើសលោក ជាម យៀប ជាអនុប្រធានទី១រដ្ឋសភា បើតាមលោកឡេង ប៉េងឡុង ក៏នឹងលើកយកសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២ផងដែរ។ លោកថា បើមិនមានការប្រែប្រួលទេ សម័យពេញអង្គរដ្ឋសភា នឹងធ្វើនៅក្រោយបុណ្យអុំទូក ក្រោយគណៈកម្មាធិការអចិន្ត្រៃយ៍បើកសម័យប្រជុំរួច កំណត់ថ្ងៃប្រជុំពេញអង្គតែម្តង ៕
ដោយ៖ជ្រោយពេជ្រ