ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យម្នាក់ទៅកាន់តុលាការ ពាក់ព័ន្ធ បទល្មើសដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ចំនួន១៦៧ គីឡូក្រាម នៅ៣គោលដៅ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានបើកការស៊ើបសួរលើសុំណុំរឿងរបស់ជនត្រូវចោទម្នាក់ បន្ទាប់ពីសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន និង ឃាត់ខ្លួនជនសង្ស័យសញ្ជាតិកាណាដាម្នាក់ និងរឹបអូសគ្រឿងញៀនជាង ១៦៧ គីឡូក្រាម នៅរាជធានីភ្នំពេញ រួចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកថា ដោយអនុវត្តតាមបញ្ជា នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

ប្រតិបត្តិការណ៍ចុះបង្រ្កាប់នេះធ្វើឡើង ចាប់ពីថ្ងៃទី ២៧ ខែតុលា ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ សមត្ថកិច្ចនៃមន្ទីប្រឆាំងបទល្មើសគ្រឿងញៀន(ក១)ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ លោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងលោក វរសេនីយ៍ទោ ហុង វណ្ណារិទ្ធ នាយការិយាល័យ(ក១) ចូលរួមសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបឧក្រិដ្ឋជនរក្សាទុក ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន នៅ ៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១-នៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ គោលដៅទី ២-ចំណុចបន្ទប់លេខ ៤១២១ ខុនដូជិតកោះពេជ្រ  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និង គោលដៅទី៣-នៅបន្ទប់ 13AD និង 13AE  ខុនដូរ PROVENCE ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការណ៍នេះជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ FU YONG QING ភេទប្រុស សញ្ជាតិកាណាដា កើតថ្ងៃទី 11/11/1969 កាន់លិខិតឆ្លងដែនការណាដា លេខ: AC790143

រួមទាំងដកហូតវត្ថុតាងរួមមាន

1/អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ផ្កាឈូក ៨៥,៩២២គ្រាប់ ស្មើទម្ងន់ 28,354.54g 

2/អ៊ិចស្តាស៊ីគ្រាប់(MDMA) ពណ៍ប្រផេះ ១៥៤,៤៧៤គ្រាប់ ស្មើទម្ងន់ 60,244.99g

3/អ៊ិចស្តាស៊ីម្សៅ(MDMA) កញ្ចប់រូបសេះ F3 ទម្ងន់ 50,022.72g

4/អ៊ិចស្តាស៊ីក្រាម(MDMA) ទម្ងន់ 24,700.81g 

5/នីមេតាហ្សេប៉ាម(Nimetazepam) ៩,៧៥០គ្រាប់ ស្មើទម្ងន់  1,733.40g 

6/មេតំហ្វេតាមីន(ICE) ទម្ងន់  98.97g 

7/កេតាមីន (Ketamine)  2,320g  

សរុបរួម ១៦៧ គីឡូក្រាម ៤៧៥.៤៣ក្រាម និង

ចាប់យកសម្ភារៈ អាវុធខ្លី ១ដើម (គ្រាប់ ៦) ជញ្ជីង ១គ្រឿង រថយន្ត ១គ្រឿង និងមានសម្ភារ:មួយចំនួនទៀត ។

បច្ចុប្បន្ន ជនត្រូវចោទ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ រង់ចាំការចោទប្រកាន់របស់អយ្យការ បញ្ជូនសំណុំរឿងទៅកាន់ចៅក្រមស៊ើបសួរបន្តទៀត៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖