ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺសរសៃប្រសាទរេីឡេីង​ម្ដងៗ​ បុរសម្នាក់វាយបំផ្លាញទ្រព្យសម្បត្តិ​ និងធ្វេីបាបឪពុកម្ដាយ​ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់​មានជំងឺសរសៃប្រសាទប្រចាំកាយ​ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌដង្កោ​ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ ចុះឃាត់ខ្លួន​ បន្ទាប់ពីវាយធ្វើបាបឪពុកម្ដាយរួមនិងបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ៣០នាទីព្រឹកថ្ងៃទី១៦​ ខែវិច្ឆិកាឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងផ្លូវលេខ៧ ក្នុងបុរីពិភពថ្មីចំការដូង​ ភូមិសំបួរ​ សង្កាត់ដង្កោ​ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។ 

      តាមប្រភពព័ត៌មានពីអ្នកជិតខាងបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបានវាយធ្វេីបាបឪពុកម្ដាយចាស់ៗបណ្ដាលឲ្យរងរបួស​ ស្របពេលនោះពួកគេក៏បានចូលទៅជួយនិងបានដឹកឪពុកម្ដាយរបស់បុរសខាងលើយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យផងដែរ​ ហេីយបានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីចុះជួយធ្វើអន្តរាគមន៍ ។ ពេលដែលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោចុះទៅដល់កន្លែងកើតហេតុ​ បុរសខាងលើក៏បានទាញដំបងនិងកាំបិតដេញវ៉ៃនិងដេញចាក់ទៅលើសមត្ថកិច្ចថែមទៀត​ ។ បន្ទាប់មកលោក​ តុល​ តូនី​ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ​ បានរាយការណ៍ទៅខាងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ​ ដើម្បីចុះមកជួយបន្ថែម​ និងធ្វើការឃាត់ខ្លួនបុរសខាងលេីដាក់ចូលរថយន្តដឹកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ ។ 

     ក្រោយពីសមត្ថកិច្ចជំនាញយកបុរសខាងលើទៅដល់អធិការដ្ឋានខណ្ឌដង្កោ​ ស្រាប់តែមានសាច់ញាតិរបស់បុរសបង្កហេតុទៅធានាយកបុរសខាងលេីមកវិញ​ ដោយសារតែបុរសខាងលើមានជំងឺសរសៃប្រសាទប្រចាំកាយពេលដែលជំងឺធ្វើទុក្ខម្ដងៗតែងតែវាយធ្វើបាបឪពុកម្ដាយបែបនេះមិនថារបស់របរនៅក្នុងផ្ទះ​ ។ ខណៈមិនមានពាក្យបណ្ដឹងពីក្រុមគ្រួសារផងនោះ​ សមត្ថកិច្ចក៏អនុញ្ញាតឲ្យបុរសដែលមានជំងឺសរសៃប្រសាទ​ប្រគល់ឲ្យទៅក្រុមគ្រួសារវិញ ហើយក្រុមគ្រួសារក៏បានយកបុរសខាងលើទៅមណ្ឌលកែប្រែផ្លូវចិត្តដើម្បីព្យាបាលជំងឺ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖