ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាឯកកំពូលសម្រស់ ពីកម្ពុជា និងពីបណ្តាប្រទេសនានាត្រៀមដណ្តើមមកុដ Miss Grand International 2021 នៅភូកេតប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ ការធ្វើដំណើរទៅកាន់កម្មវិធីប្រកួតនៅតំបន់កម្សាន្តល្បីល្បាញភូកេតរបស់ថៃវិញគឺមានបេក្ខភាពជាច្រើនបានធ្វើដំណើរទៅដល់ហើយខណៈដែលថ្ងៃនេះក៏មានបេក្ខភាពជាច្រើនទៀតនឹងបន្តធ្វើដំណើរទៅដល់មុនកម្មវិធីប្រកួតផ្លូវការ Miss Grand International 2021បានមកដល។ ក្នុងនេះ កញ្ញាឯកពីកម្ពុជាគឺកញ្ញា ប៉ូ គីមថេងសុទ្ធធីតា ដែលនាងបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះតែម្តង។

  គេដឹងដែរថាព្រឹត្តិការណ៍ប្រកួតសម្រស់ទ្រង់ទ្រាយធំសម្បើមគឺ Miss Grand International 2021 បានចាប់ផ្តើម ក្រោយពីកម្មវិធីដែលមានមូលដ្ឋាននៅប្រទេសថៃមួយនេះបានចាប់ផ្តើមដាក់ឲ្យមានការប្រកួតប្រជែងលើការចែករំលែក និងLike លើរូបថតរបស់បេក្ខភាពកំពូលសម្រស់មកពីបណ្តាប្រទេសនានា ដែលនឹងជ្រើសរើសយកបេក្ខភាព៥នាក់ដើម្បីចូលរួមទទួលទានអាហារពេលល្ងាចជាមួយជាមួយស្ថាបនិកMiss Grand International លោក Nawat Itsararisil និងម្ចាស់មកុដ Miss Grand International ២០២១កញ្ញាអាបេណា ជាដើម ដែលនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកានេះគឺរូបថតនៃបេក្ខភាពពីកម្ពុជា និងវៀតណាមបាននិងកំពុងតែនាំមុខគេនោះ។ 

  ងាកមកមើល មុនពេលចាកចេញពីកម្ពុជានាងបានបង្ហាញពីក្តីរំភើប ចំពោះការលើកទឹកចិត្ត និងកម្លាំងចិត្តដ៏ធំធេញពីពលរដ្ឋខ្មែរគ្រប់ៗរូបផងដែរជាមួយនឹងការតាំងចិត្តក្នុងការនាំយកនូវមោទកភាពរបស់ជាតិទៅបង្ហាញលើឆាកអន្តរជាតិផងដែរ។ ទង់ជាតិកម្ពុជាត្រូវបានលើកជាថ្មីនៅលើឆាកអន្តរជាតិ និងបានបង្ហាញពីភាពស្មើមុខស្មើមាត់នៃវិស័យកញ្ញាឯក និងត្រូវបានគេរំពឹងថាសម្រស់ស្ត្រីខ្មែរ ទេពកោសល្យ ចំណេះដឹង ពិសេសវប្បធម៌អរិយធម៌ខ្មែរ នឹងត្រូវលើកយកទៅបង្ហាញនៅលើឆាកអន្តរជាតិនេះផងដែរ។ 

    តាមការគ្រោងទុកកម្មវិធី Miss Grand International គ្រោងនឹងរៀបចំកម្មវិធីប្រកួតលើកទី៩នៅភូកេតតំបន់ទេសចរណ៍ដ៏ល្បីល្បាញរបស់ប្រទេសថៃ។ ប្រតិភូជាង៧០ នាក់មកពីជុំវិញពិភពលោកនឹងតំណាងឱ្យប្រទេសរៀងៗខ្លួន ដើម្បីប្រកួតប្រជែងដណ្តើមមកុដ។កម្មវិធីប្រកួតសម្រស់ Miss Grand International ដែលមានមូលដ្ឋាននៅក្នុងប្រទេសថៃនេះ ដោយចាប់ពីថ្ងៃទី ១៦ ខែវិច្ឆិកាគឺជាកាលបរិច្ឆេទមកដល់ និងការចុះឈ្មោះ។ថ្ងៃទី ១៨ ខែវិច្ឆិកា៖ ពិធីស្វាគមន៍ និងសន្និសីទសារព័ត៌មាន ខណៈថ្ងៃទី ១៩ដល់ថ្ងៃទី២១ ខែវិច្ឆិកាគឺជាសកម្មភាព និងការទស្សនាកម្សាន្ត។ ថ្ងៃទី ២២ ខែវិច្ឆិកាគឺជាកម្មវិធីប្រកួតឈុតហែលទឹក។ ថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែវិច្ឆិកគឺជា សកម្មភាព និងការទស្សនាកម្សាន្តរបស់បេក្ខភាព។ ថ្ងៃទី ២៥ ខែវិច្ឆិកាគឺជា បទសម្ភាសន៍ថ្ងៃទី ២៦ ខែវិច្ឆិកាគឺជាស សកម្មភាព នៅ’កោះភីភី’ថ្ងៃទី ២៧ ដល់ថ្ងៃទី២៩ខែវិច្ឆិកាគឺជា ការហាត់សម។ ថ្ងៃទី ៣០ ខែវិច្ឆិកាគឺជាកម្មវិធី ការប្រកួតសំលៀកបំពាក់តំណាងជាតិ។ ថ្ងៃទី ២ ខែធ្នូជាកម្មវិធីនៃ ការប្រកួតបឋមនិងថ្ងៃទី ៣ ខែធ្នូគឺជា ការហាត់សមមុនថ្ងៃប្រកួតផ្តាច់ព្រ័តដែលធ្វើឡើងនៅថ្ងៃទីថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១នេះ ។  នៅលើគេហទំព័រផ្លូវការរបស់កម្មវិធីប្រកួត Miss Grand International ឯណោះវិញមានការបង្ហាញដំណឹងអំពីការមកដល់ជាហូរហែនូវបេក្ខភាពកំពូលសម្រស់មកពីបណ្តាប្រទេសនានាផងដែរ។ ក្នុងនោះនៅលើគេហទំព័រក៏បានបង្ហាញអំពីសកម្មភាពពិធីករបានធ្វើការស្វាគមន៍វត្តមានមកដល់របស់បេក្ខភាពកញ្ញាឯកដោយផ្ទាល់នៅក្នុងព្រលានយន្តហោះភូកេតរបស់ប្រទេសថៃតែម្តង។ បេក្ខភាពពីកម្ពុជាសម្រាប់ឆ្នាំនេះត្រូវបានក្រុមអ្នកនិយមគាំទ្រវិស័យកញ្ញាឯកក៏បានដាក់ក្តីរំពឹងខ្ពស់ផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖