ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មការរៀបចំការប្រឡងថ្នាក់ខេត្ត បានអញ្ជើញកាត់កញ្ចប់បើកវិញ្ញាសារប្រឡងជ្រើសរើសក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ផែនការក្របខណ្ឌឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ឲ្យបម្រើនៅរដ្ឋបាលសាលាខេត្តស្ទឹងត្រែង និងសាលាស្រុកបុរីអូរស្វាយសែនជ័យ។
ក្នុងឱកាសនោះដែរ លោក ស្វាយ សំអ៊ាង បានផ្តាំផ្ញើដល់បេក្ខជនទាំងអស់ឲ្យខិតខំប្រឹងប្រែង យកចិត្តទុកដាក់ បញ្ចេញសមត្ថភាព ចំណេះដឹង និងតាំងស្មារតីឲ្យរឹងមាំដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង។ លោកអភិបាលខេត្ត បានជូនពរបេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យគ្រប់ៗគ្នា។
គូរបញ្ជាក់ថា៖ សម័យប្រលងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលប្រឡង វិទ្យាល័យព្រះរាជបូជនីយកិច្ច សរុបមានចំនួន ៧បន្ទប់ ក្នុងនោះ ក្របខ័ណ្ឌ(ក)មន្រ្តីរដ្ឋបាលជាន់ខ្ពស់ ចំនួន ៣បន្ទប់ បេក្ខជនសរុបចំនួន ៤៣នាក់ ស្រី ១៨នាក់ ក្របខ័ណ្ឌមន្រ្តីក្រមការ(ខ) ចំនួន ៤បន្ទប់ បេក្ខជនសរុបចំនួន ៥០នាក់ ស្រី ៣៧នាក់៕
ដោយ ៖ សិលា