ភ្នំពេញ៖ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានសម្រេចចេញដីកាឃុំខ្លួនយុវជន ដែលជេរប្រមាថមន្ត្រីនគរបាលចរាចរណ៍កំពុងអនុវត្តច្បាប់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ។
ជនត្រូវចោទមាន ឈ្មោះ យឹង វណ្ណដា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាសន្តិសុខឯកជន ។
លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថាតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរនឹងចោទប្រកាន់ជនសង្ស័យជាផ្លូវការ កាលពីរសៀលថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបើកស៊ើបសួរលើយុវជនម្នាក់ដែលជេរប្រមាថសមត្ថកិច្ច ជាផ្លូវការហើយពីបទល្មើសបើកបរយានយន្តមិនព្រមបញ្ឈប់តាមបញ្ជារបស់មន្រ្តីនគរចរាចរណ៍ផ្លូវគោក បទល្មើសរារាំង ឬប្រេីប្រាស់មធ្យោបាយណាមួយដេីម្បីជាឧបសគ្គដល់ចរាចរសាធារណៈ បទល្មើសហិង្សាដោយចេតនា បទល្មើសប្រមាថ និងបទល្មើសប្រឆាំងនឹងអ្នករាជ ការសាធារណៈ តាមបញ្ញត្តិមាត្រា ៧៦ និងមាត្រា ៨០ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងមាត្រា ២១៧ មាត្រា ៥០២ និងមាត្រា ៥០៣ នៃក្រមព្រហ្មទណ្ឌ ។
ការចោទប្រកាន់លើជនសង្ស័យចំនួន៥ បទល្មើសខាងលើនេះ មានបទល្មើសតែមួយគឺអំពើហឹង្សាដោយចេតនាលើអ្នកដទៃតាមមាត្រា២១៧ដែលច្បាប់តម្រូវឲ្យផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ពី១ឆ្នាំទៅ៣ឆ្នាំ នឹងពិន័យជាប្រាក់ចូលថវិការរដ្ឋពី២ លានទៅ៦ លានរៀល។
សូមជម្រាបថា កាលពីវេលាម៉ោង៩ នឹង៥០ នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ សំណុំ រឿងដ៏កក្រើកនេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បញ្ជូនខ្លួនជនត្រូវចោទយឹង វណ្ណដា ដែលជាប់ពាក់ពន្ធករណីជេរប្រមាថ មន្ត្រីចរាចរណ៍នោះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ។ ដែលសំណុំរឿងបានស្ថិតនៅលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងបើកការស៊ើបសួរ ដែលជនសង្ស័យបានរងនូវការចោទប្រកាន់ក្នុងការធ្វើសកម្មភាពជេរប្រមាថមេីលងាយ និង ដេញវាយសមត្ថកិច្ចកំពុងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ ហើយត្រូវបានសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបើកការស៊ើបសួរតាមនីតិវិធី ទីបំផុតចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទយឹង វណ្ណដា ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដោយរងចាំបើកសវនាការផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ រ៉ារ៉ា