ព័ត៌មានទាន់ហេតុការណ៍៖

រួមគ្នាសាងអំពើល្អ! តារាល្បីៗនិងអ្នកជំនួញបង្ហាញការគាំទ្រកម្មវិធី«១ដុល្លាររក្សាស្នាមញញឹមអ្នកស៊ីក្លូ» របស់កូនប្រុសលោក សាវិន ហ្វីលីព

ចែករំលែក៖

  ភ្នំពេញ៖ ថ្មីនេះតារាសម្តែងជើងចាស់ល្បីឈ្មោះ លោក សាវិន ហ្វីលីព  បានប្រកាសអំពីការងារសប្បុរសធម៌មួយដែលជាបំណងរបស់កូនប្រុសបណ្តូលចិត្តលោក វីរ៉ាយុត្ត និងមិត្តភក្កិ៨នាក់ទៀតនៅសាកលវិទ្យាល័យប៉ារ៉ាហ្គន។ គម្រោងនេះមានឈ្មោះថា«១ដុល្លាររក្សាស្នាមញញឹមអ្នកស៊ីក្លូ» ដើម្បីជូនទៅដល់អ្នកធាក់ស៊ីក្លូ នៅដើមខែមករាឆ្នាំ២០២២ខាងមុខនេះ។ គ្រាន់តែប្រកាសនៅលើបណ្តាញសង្គមភ្លាម គេសង្កេតឃើញមានការកោតសរសើរអំពីទឹកចិត្ត និងគំនិតផ្តួចផ្តើមបង្កើតកម្មវិធីដ៏ល្អប្រពៃនេះឡើងក្នុងនោះក៏មានសប្បុរសជនជាច្រើនរួមមានទាំងក្រុមអ្នកជំនួញលេចធ្លោ និងសិល្បករល្បីល្បាញជាច្រើនបានបរិច្ចាគថវិកាទៅកាន់គម្រោងមួយនេះ ដែលនេះក៏បានឆ្លុះបញ្ចាំងពីទំហំទឹកចិត្តដ៏ល្អថ្លៃថ្លា ចេញពីបេះដូង និងបង្ហាញពីក្តីស្រលាញ់ ក្រោមរូបភាពវប្បធម៌នៃការចែករំលែកក្តីស្រលាញ់ និងជួយសម្រាលការលំបាករបស់អ្នកមានមុខរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ ដែលភាគច្រើនជាបុរសមានវ័យចំណាស់ប្រឹងរស់ក្នុងរបរនេះទាំងយកស៊ីក្លូធ្វើជាគ្រែសម្រាប់សម្រាកពេលអស់កម្លាំងនិងពេលរាត្រី ហើយយករបងវត្តអារាម  សំយាបផ្ទះអ្នកដទៃធ្វើជាទីចំណតពេលយប់នោះ។ 

លោក សាវិន ហ្វីលីព បានបញ្ជាក់ឱ្យដឹងដែរថា ខ្ញុំក៏បានបរិច្ចាគថវិកាបន្តិចបន្តិចគឺចំនួន១០០ដុល្លាររួចហើយដើម្បីជួយដល់លោកតាស៊ីក្លូ ដែលកំពុងខ្វះខាត និងដើម្បីអបអរសាទរខួបអាពាហ៍ពិពាហ៍ ២១ឆ្នាំរបស់ខ្ញុំនៅថ្ងៃទី២៦ខែធ្នូឆ្នាំ ២០២១ នេះផងដែរ។ លោកថា សប្បុរសជនអាចចូលរួមបរិច្ចាគត្រឹមតែម្នាក់មួយដុល្លារដើម្បីជួយអ្នកស៊ីក្លូក៏បានដែរតាមរយៈABA : 003 460 296 Bou Bunk heng។

តាមរយៈការបង្ហោះសារថ្លែងអំណរគុណរបស់តារាសម្តែងខាងលើគេបានសង្កេតឃើញពីការចូលរួមយ៉ាងច្រើនពីសំណាក់សប្បុរសជនមានដូចជាម្ចាស់បុរីម៉នដានីផ្លូវជាតិលេខ៣ គឺលោកជំទាវ ម៉ន ដានីនិងស្វាមី តារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ តារាចម្រៀង អ្នកនាង សុគន្ធ នីសា តារាសម្តែង ប្រុសខួច អតីតតារាសម្តែងនៅ សុធារី តារាសម្តែងលោកទ្រី តារាវុធ អ្នកនាង នៅ ដាណា តារាសម្តែងប្រុសវ័យក្មេង ទីនទីន តន្ត្រីករល្បីឈ្មោះលោក សូ ស្រណោះ តារាសម្តែងអ្នកនាង មុនី រក្សា តារាសម្តែងពៅលីដា និងប្អូនប្រុសលោក ពៅ ពិសិដ្ឋ តារាសម្តែង អ្នកនាងពេជ្រ ចរិយា ផលិតករល្បីឈ្មោះលោកជុំ វិចិត្ត និងសិល្បករ អ្នកជំនួញជាសប្បុរសជនជាច្រើនរូបទៀត។ ខណៈដែលលោកសាវិន ហ្វីលីពផ្ទាល់និងភរិយាក៏ចូលរួមបរិច្ចាគនិងគាំទ្រពេញទំហឹងសម្រាប់អំពើល្អក្នុងសង្គមរបស់កូនប្រុស និងមិត្តរួមថ្នាក់ផងដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖