ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អរគុណដល់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឺទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតិឲ្យ លោក លេង ផាលី រដ្ឋលេខាធិការ ក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងក្រុមការងារ សរុប ចំនួន២២នាក់ ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២២ នារសៀល ថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោក លេង ផាលី បានលើកឡើងអំពីវឌ្ឍនៈភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដោយគិតមកដល់ពេលនេះមានរយៈពេល ៩ឆ្នាំ ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់ និងការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារៈពីសំណាក់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយបានពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋបានចំនួន ៣៤០លើក ដោយមានគ្រូពេទ្យស្ម័គ្រចិត្តចូលរួមចំនួន ៥,៦៧៩នាក់ (ស្រី ៣,២៣១ នាក់) បានពិនិត្យ និងព្យាបាលព្រមទាំងចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានចំនួន ១,៤៨១,១៣៦នាក់ (ស្រី ៨៤៤,៥៧៦នាក់) ក្នុង ២៥ រាជធានី-ខេត្ត និងបានចូលរួមអប់រំផ្សព្វផ្សាយសង្គ្រោះបឋម ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ព្រមទាំងពិនិត្យនិងព្យាបាលជំងឺ ចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតថ្លៃបានចំនួន ៧៣លើក ក្នុងនោះពិនិត្យនិងព្យាបាលចែកថ្នាំដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ បានចំនួន ៩៤០,៣០១នាក់ (ស្រី ៤៨០,៩៤០នាក់) ក្នុង ២៥ រាជធានី-ខេត្ត ។  ជាពិសេស នៅរយៈពេលចុងក្រោនេះ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំសម្របសម្រួលដោយផ្ទាល់ពី បងប្រធាន ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី បានប្រើប្រាស់បុគ្គលិកអស់ចំនួន ១.០៧២នាក់ នៅលើចំនួន ១.២៥៨នាក់ ចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ៩៣៣,១៤១ដូស ក្នុង ០៨ រាជធានី-ខេត្ត។

ជាការឆ្លើយតប លោកស្រីកិត្តិសង្គហបណ្ឌិត ក៏បានអំណរគុណ លោក ហ៊ុន ម៉ានី ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេកកម្ម មនុស្សធម៌ តាមរយៈ ការពិនិត្យព្យាបាលដោយឥតគិតថ្លៃ និងការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ។ លោកជំទាវបានស្នើឲ្យ ក្រុមគ្រូពេទ្យទាំងអស់ សូមបន្តនូវសកម្មភាពនេះបន្ថែមទៀត ជួយដល់ប្រជាពលរដ្ឋក្រក្រី ជាពិសេស អ្នករស់នៅតំបន់ដាច់ស្រយាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការថែទាំ នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

ដោយ ៖ សិលា


ចែករំលែក៖