ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតី ពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រាសជាំងស៊ូនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីអបអរសាទរការចូលកាន់តំណែងសមាជិកអាណត្តិទី២ នៃសមាគមសហគ្រាសជាំងស៊ូនៅកម្ពុជា ដែលប្រារព្ធនៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសម្ដែងការកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រាសជាំងស៊ូនៅកម្ពុជា ដែលបានផ្ដួចផ្ដើម និងបង្រួបបង្រួមសហគ្រិន អ្នកជំនាញ បញ្ញវន្ត និងនិស្សិតមកពីខេត្តជាំងស៊ូ ចូលរួមចំណែកក្នុងការភិវឌ្ឍសង្គមនៃប្រទេសទាំងពីរ កម្ពុជា ចិន។ សម្ដេចក្រឡាហោមក៏បង្ហាញក្ដីសង្ឃឹមថានៅអាណត្តិទី២នេះ សមាគមនឹងដើរតួនាទីកាន់តែសកម្មបន្ថែមទៀតដើម្បីប្រយោជន៍ កម្ពុជា និងចិន។

សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី និងសកម្មភាពរបស់សមាគមសហគ្រាសជាំងស៊ូ ដែលចាត់តាំងពីបានបង្កើតឡើង សមាគមមួយនេះ បានចូលរួមចំណែកយ៉ាងច្រើនក្នុងសកម្មភាពមនុស្សធម៌ និងការជួយគាំទ្រដល់ការងារសង្គមនៅកម្ពុជា តាមរយៈការកៀរគរជំនួយសម្ភារៈ ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សម្ដេចក៏បានគូសបញ្ជាក់ថាក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩នេះ សម្ដេចពិតជាយល់អំពីការលំបាកនានារបស់សមាគម និងសូមចែករំលែកការលំបាកនេះជាមួយនឹងការបន្តខិតខំជួយគាំទ្រ និងរួមចំណែកដោះស្រាយបញ្ហាផ្សេងៗក្នុងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ។ ជាមួយគ្នានេះសម្ដេចក៏សូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពប្រទេសចិន ដែលសម្រេចបានកំណើនសេដ្ឋកិច្ចជាវិជ្ជមាន ទោះបីត្រូវប្រឈមមុខនឹងការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ។

នាឱកាសនោះដែរ សម្ដេចក៏បានគូសបញ្ជាក់ថាការសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំង និងការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កម្ភៈនៅកម្ពុជា ពិតជាមានការចូលរួមចំណែកមិនអាចខ្វះបានពីសាធារណរដ្ឋប្រជាមានិតចិន ដែលធ្វើឱ្យកម្ពុជាអាចដំណើរការឡើវិញនូវសកម្មភាពសេដ្ឋកិច្ច និងសង្គមដូចបច្ចុប្បន្ននេះ។ សម្ដេចបន្តថាការចាក់វ៉ាក់សាំងនឹងរួមចំណែកដល់ការស្ដារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាទាំងក្នុង និងក្រោយបរិបទកូវីដ-១៩។

សម្ដេចបានបន្តថាគិតត្រឹមឆមាសទី១ ឆ្នាំ២០២១ ការវិនិយោគរបស់ចិននៅកម្ពុជា បន្តឈរនៅលំដាប់ទី១ ហើយទំហំពាណជ្ជកម្មទ្វេភាគីសម្រេចបាន៥ពាន់លានដុល្លារ កើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំ២០២០។ សម្ដេចបន្តថាខេត្តជាងស៊ូក៏ជាខេត្តមួយរបស់ចិនដែលមានទំនាក់ទំនងល្អជាមួយខេត្តព្រះសីហនុរបស់កម្ពុជា ដែលកម្ពុជាក៏បាននិងកំពុងខិតខំប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណងដែលនឹងអាចទាក់ទាញការវិនិយោគបន្ថែមទៀតពីមកខេត្តជាំងស៊ូ និងពីតំបន់ផ្សេងៗទៀតនៅចិន ព្រមទាំងបណ្ដាប្រទេសនានាលើពិភពលោក។

 សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីបានបន្តថារាជរដ្ឋាភិបាលកម្ពុជានឹងនៅតែបន្តខិតខំប្ដេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សាបរិយាកាសនយោបាយ សន្តិសុខ និងស្ថេរភាពជាតិបានរឹងមាំង ដើម្បីបង្កលក្ខណ្ឌអំណោយផលដល់ការវិនិយោគនៅកម្ពុជា សំដៅរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ 

សម្ដេចក៏បានបន្តថាក្រសួងមហាផ្ទៃក៏មានកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងសន្តិសុខសាធារណៈចិន ហើយកាលពីខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងទាំងពីរបានចុះហត្ថលេខាលើផែនការការងារដើម្បីបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងគោលដៅរួមគ្នាថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានកាន់តែល្អប្រសើរ ពិសេសរួមចំណែកសម្រេចឱ្យបាននូវទិសដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ ៕

ដោយ ៖ សិលា


ចែករំលែក៖