ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយវិលពីអាមេរិកសារ៉ាយ សក្កណា សំរុកការងារសិល្បៈជាច្រើន

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រី ល្បីឈ្មោះ អ្នកនាង សារ៉ាយ សក្កណា បានបង្ហាញមុខនៅលើទឹកដីកំណើតជាច្រើនសប្តាហ៍កន្លងមកហើយ។ នាងបានបន្តការងារសិល្បៈជាច្រើនដូចដែលនាងធ្លាប់ធ្វើកន្លងមក ហើយមុននេះនាងបានបញ្ចេញស្នាដៃថតរូបដ៏ទាក់ទាញជាច្រើនសន្លឹករហូតអ្នកគាំទ្រលើកសរសើរមិនដាច់ពីមាត់។ 

   នៅលើគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាងក្នុងឈុតបុរាណច្នៃមួយពណ៌ក្រហមដិតអមដោយគ្រឿងអលង្ការប្រណីត និងការលេងទឹកមុខយ៉ាងមុតមាំ និងស្រទន់នោះ គឺទទួលបានការកោតសរសើរមិនតិចទេពីអ្នកគាំទ្រ ។ រូបនេះអមដោយសារថា  នារីខ្មែរទន់ភ្លន់តែមិនទន់ជ្រាយ រឹងមាំតែមិនរឹងរូស។ សារក៏បានភ្ជាប់និងបង្ហាញដំណឹងថា ស្ថិតក្រោមអ្នកជំនាញជាច្រើនរួមគ្នា។ អ្នកគាំទ្រសរសើរថាតារាសម្តែងរូបនេះនៅតែស្រស់សោភាពោរពេញដោយទេសកោសល្យសមត្ថភាព និងរក្សាបាននូវប្រជាប្រិយភាព និងភាពរួសរាយរាក់ទាក់ បើទោះបីជាពេលនេះនាងបានចេញទៅរស់នៅលើទឹកដីនៃសហរដ្ឋអាមេរិកជាមួយនឹងស្វាមី និងមានកូនស្រីដ៏គួរឲ្យខ្នាញ់ម្នាក់រួចហើយក៏ដោយ។ ក្រោយបានឃើញស្នាដៃសិល្បៈថ្មីៗទាំងនោះទស្សនិកជនក៏នៅតែទន្ទឹងរងចាំស្នាដៃថ្មីៗរបស់តារាស្រីរូបនេះនិងនៅតែបន្តគាំទ្រឲ្យនាងប្រឡូកក្នុងអាជីបសិល្បៈដដែលព្រោះតែនាងជាតារាស្រីក្នុងដួងចិត្តទស្សនិកជន និងជាតារាស្រីដែលមិនធ្លាប់រងជំពប់នឹងរឿងអាស្រូវណាទេក្នុងអំឡុងពេលប្រឡូកក្នុងវិស័យសិល្បៈនោះ។ 

  តាមការបញ្ជាក់ពីអ្នកជិតដិតបានលើកឡើងថា សារ៉ាយ សក្កណា មកកម្ពុជាលើកនេះដើម្បីបើកដំណើរការមុខជំនួញថ្មីមួយបន្ថែមលើជំនួញហាងកែសម្រស់។ ក្រៅពីនេះនឹងឆ្លៀតមកសួរសុខទុក្ខសាច់ញាតិ និងដំណើរកម្សាន្តក្នុងស្រុក រួមទាំងឆ្លៀតពេលខ្លះថតការងារសិល្បៈផងដែរ។  ទោះឆ្ងាយពីសិល្បៈទៅរស់នៅសហរដ្ឋអាមេរិក និងមានកូនស្រីជាទីស្រលាញ់ក្តីក៏តារាស្រីរូបនេះចេញចូលស្រុកកំណើតញឹកញាប់ និងឆ្លៀតពេលសម្តែងសិល្បៈបំពេញអារម្មណ៍ទស្សនិកជនផងដែរ។ 

គួររំលឹកដែរថា តារាសម្តែង សារ៉ាយ សក្កណាបានរៀបការជាមួយមេធាវីមកពីសហរដ្ឋអាមេរិក លោក ប៊ុន មេត្រី កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៣ និងបានចេញទៅរស់នៅជាមួយស្វាមីកាលពីពាក់កណ្តាលខែមករាឆ្នាំ២០១៤។ នាងបានក្លាយជាសិល្បករល្បីឈ្មោះម្នាក់ចាកចេញពីសិល្បៈទៅរស់នៅបរទេសជាមួយស្វាមីទាំងនៅមានឈ្មោះល្បីដូចគ្នានឹងតារាសម្តែង ដាញ់ ម៉ូនីកា វ៉េត រតនា ដែរ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖