ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមានករណីឆ្លងកូវីដ-១៩ជិត ៦សែននាក់ក្នុងមួយថ្ងៃ និង ជើងហោះហើរជាង២.០០០ត្រូវលុបចោល

ចែករំលែក៖

ក្នុងថ្ងៃដំបូងនៃឆ្នាំ២០២២ អាមេរិកបានសម្រេចលុបជើងហោះហើររហូតដល់ទៅជាង២ពាន់ជើង ដោយសារតែករណីឆ្លងកូវីដ-១៩ កើនឡើងខ្ពស់ ធ្វើឱ្យក្រុមអាកាសយានិក បុគ្គលិកជាច្រើនត្រូវធ្វើចត្តាឡីស័ក នាំឱ្យខ្វះបុគ្គលិកហោះហើរ។
តាមគេហទំព័រ Flight Aware.com គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃទី១ខែមករាឆ្នាំ២០២២(ម៉ោងនៅអាមេរិក) មានជើងហោះហើររហូតដល់ទៅ ២.៣១១ ជើងបានលុបចោល (ជាជើងហោះហើរក្នុងស្រុក) ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកដំណើររាប់សិបពាន់នាក់ក្នុងថ្ងៃដំបូងនៃឆ្នាំ២០២២។
សកម្មភាពខាងលើកើតឡើង ក្រោយពេលអាមេរិកមានករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់មិនធ្លាប់មានពីមុនមក។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុបរហូតដល់ទៅ ៥៧២,០២៩ នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ១,៣៦២នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥៥,២៥២,៨២៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨៤៥,៧៤៥នាក់ និងជាសះស្បើយសរុបជាង ៤១.៤៦លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង៣៣២លាននាក់។
ពាក់ព័ន្ធការចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៥០៦លានដូស ក្នុងនោះប្រជាជន ២៤៣.១៨លាននាក់ (៧៣.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់១ដូស, ២០៤.០៥លាននាក់ (៦១.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៦៧.៨៧លាននាក់ (២០.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕ដោយ៖ ធីរីណា

រូបថត៖Reuters

រូបថត៖TTXVN 


ចែករំលែក៖