ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ គួរឲ្យរន្ធត់ណាស់! តែមួយប៉ប្រិចភ្នែកសោះ ស្លាប់មនុស្សពីរនាក់ភ្លាមៗ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំបុកគ្នាពេញទំហឹងជាមួយរថយន្តដឹកទឹកកក

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយរវាងរថយន្តធុនធំពន្លះគ្នាពេញទំហឹងជាមួយរថយន្តដឹកទឹកកកបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ភ្លាមៗ។ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៩និង១៩នាទីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តដឹកទឹកកកជាកម្មសិទ្ធិរបស់លោកទូច ភាច ថៅកែរោងចក្រផលិតទឹកកក និងទឹកសុទ្ធ រស់នៅភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នាជាមួយរថយន្តដឹកទឹកកក ដោយរថយន្តដឹកទឹកកកបើកបរពីកើតទៅពីលិច រីឯរថយន្តធុនធំដឹកដំឡូងបើកពីលិចទៅកើត ពេលបើកមកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាពេញទំហឹងបណ្តាលឱ្យយុវជនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ គួរឲ្យសង្វេគ និងពីរនាក់រងរបួសធ្ងន់ ប៉ុន្តែបានស្លាប់ម្នាក់ទៀតក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។ ចំណែកតៃកុងរថយន្តធុនធំរងរបួសស្រាល។

បើតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំអាងបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ រថយន្តម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ដឹកទឹកកក ពាក់ស្លាកលេខ3D- 3597បើកបរដោយតៃកុងឈ្មោះភាជ ចាន់រ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បើកបរពីកើតទៅលិច ដោយមានអ្នករួមដំណើរ២នាក់ហើយបានស្លាប់ម្នាក់ឈ្មោះឡុង គាតូច ហៅតុញ ភេទប្រុស អាយុ២៤ឆ្នាំនៅនឹងកន្លែងកើតហេតុ និងឈ្មោះភាជ ឌីណា ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសធ្ងន់បានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យខេត្ត ក្រោយបញ្ចូនទៅសង្គ្រោះ។ ពួកគេទាំងពីរនាក់រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។ 

ចំណែកអ្នកបើកបររថយន្តធុនធំម៉ាកស៊ុបពើរ ពណ៌ខៀវ ពាក់ស្លាកលេខព្រៃវែង3A-0726 បើកបរពីលិចទៅកើត ដឹកដំឡូងមីស្រស់ ដែលមានអ្នកបើកបរឈ្មោះរ៉ុន រឿន ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសស្រាល បច្ចុប្បន្នរស់នៅភូមិប៉ាលហាល ឃុំប៉ាលហាល ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង ។

បច្ចុប្បន្នសាកសពត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅឯស្រុកកំណើត។ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស្ទូចដឹកយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកថាឡាបរិវ៉ាត់ចាត់ការបន្តតាមនីតិវិធី៕

                             

ដោយ៖មាស សុផាត


ចែករំលែក៖