ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​បរិស្ថាន​ តំបន់ការពារធម្មជាតិភ្នំឱរ៉ាល់៖ ទឹកធ្លាក់ជ្រាវ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖​ ទឹកធ្លាក់ជ្រាវស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ១១០គីឡូម៉ែត្រពីវត្តភ្នំ។ ធ្វើដំណើរពីភ្នំពេញ ទៅឧត្តុង្គ រួចបន្តដំណើរតាមផ្លូវលេខ៥៣ (ផ្លូវកៅស៊ូ)។ សល់ប្រមាណ ២៥គីឡូម៉ែត្រទៀត ដល់ទឹកធ្លាក់ជ្រៀវ ផ្លូវក្រាលក្រួសក្រហម។​ នេះបើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ នៅព្រឹកថ្ងៃអាទិត្យ​ទី​០៩​ ខែមករា​ ឆ្នាំ​២០២២។ 

ក្រសួង​បរិស្ថាន​ ក៏បានបង្ហាញ​សហគមន៍មូលដ្ឋាន(លេខទូរស័ព្ទទាក់ទង ០៩៣ ៨២៧៦៤៥)អាចជូនភ្ញៀវដើរព្រៃ បោះតង់ និង ទៅកន្លែងកំសាន្តជាច្រើនរួមមាន៖

១)ទឹកធ្លាក់ចន្លុះ(មានទឹកធ្លាក់ដល់ទៅ១០០ម៉ែត្រ) និង ទឹកស្ទឹងចន្លុះ។

២)ទឹកធ្លាក់ក្បាលឆាយ(មានអន្លង់សំរិទ្ធិ និង អន្លង់អន្ទរ)ដែលទីនេះមានផ្ទាំងសីលា ល្អាងធំៗ ត្រជាក់)។ 

៣)ទឹកធ្លាក់អន្លង់ស្វាយ អន្ទរស្វារៀល និង ស្វារំអិល (មានកន្លែងរំអិលលេងទឹក)។

៤)កន្លែងបារមីអ្នកតាព្រៃភ្នំ(តាហ្លួង-យាយហ្លួង)នៅលើខ្នងភ្នំ អាចមើលទេសភាពធម្មជាតិស្រស់បំព្រង។

នៅទឹកធ្លាក់ជ្រៀវមានកន្លែងសម្រាប់ចតឡានបានដល់ ៣០០គ្រឿង និង ចតម៉ូតូបាន ៥០០គ្រឿង។ សហគមន៍មានលក់ត្រី មាន់ស្រែ សាច់គោ ម្ហូបអាហារ និង ភេសជ្ជៈផ្សេងៗ។ មានតូបប្រមាណ៤០ សម្រាប់ភ្ញៀវអង្គុយកំសាន្ត បរិភោគអាហារ និងសម្រាកអង្រឹង។ 

សហគមន៍ទឹកធ្លាក់ជ្រៀវដែលចូលរួមការពារធនធានធម្មជាតិនៅទីនោះ កំពុងស្វះស្វែងរកដៃគូអភិវឌ្ឍន៍សាងសង់បង្គន់អនាម័យ ផ្តល់ភ្លើងអគ្គិសនី និង តទឹកស្អាត។ 

មានរឿងអ្នកស្រុកដំណាលថា មានប្រវត្តិទាក់ទងនឹងស្តេចត្រសក់ផ្អែមនាំមហេសីទៅងូតទឹកធ្លាក់ ហើយជ្រុះបាត់ចិញ្ជៀន រួចបានបញ្ជាឱ្យសេនាចុះរាវរក ទើបទីនោះគេហៅថា ជ្រាវ តមក។ ស្ថិតនៅចំងាយប្រមាណ ៣ គីឡូម៉ែត្រពីទឹកធ្លាក់ជ្រៀវ មានកន្លែងស្តេចត្រសក់ផ្អែម ដែលទីនោះធ្លាប់មានគេជីកកកាយរណ្តៅរកព្រះខ័ន្ទ និងវត្ថុបុរាណផ្សេងៗ។ ទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៧០ ដល់ ១៩៧៥ អមលាំងធ្លាប់ជាមូលដ្ឋានដែលកងទ័ពខ្មែរក្រហមប្រើប្រាស់ដើម្បីឈានទៅវាយយកភ្នំពេញ។ 

សូមគោរពជូនពរមិត្តអ្នកអានជួបប្រទះសុខភាពល្អ(អ្វីៗក៏រឹងប៉ឹង) សុភមង្គល និង អាយុយឺនយូរ៕

ដោយ​៖សហការី​


ចែករំលែក៖