ភ្នំពេញ ៖ អតីតនាយកគ្រប់គ្រងក្រុមហ៊ុនលក់រថយន្តដ៏ធំមួយត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣ឆ្នាំ៦ខែ ក្រោមការចោទប្រកាន់ពីបទ « រំលោភទំនុកចិត្តពិសេសដោយអភិបាល » ។
ជនត្រូវចោទឈ្មោះ ជា សុក្រឆាត អាយុ៣៣ឆ្នាំ ត្រូវបានតុលាការបង្គាប់ឱ្យសងប្រាក់ចំនួន២លានដុល្លារទៅឱ្យក្រុមហ៊ុនលក់រថយន្តដែលជាដើមបណ្ដឹងរដ្ឋប្បវេណី ។
លោក ជា សុក្រឆាត ត្រូវបានចាប់ខ្លួននៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ហើយសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាលេខ៖ ៤៦៦៨ ក.១.ដ.ឃ.ដ ចុះថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បង្គាប់ឱ្យឃុំខ្លួនឈ្មោះ ជា សុក្រឆាត ភេទប្រុស អាយុ៣៣ឆ្នាំ យកទៅដាក់ពន្ធនាគារព្រៃស (ម១) បន្ទាប់ពីតំណាងអយ្យការបានសម្រេចចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តពិសេសដោយអភិបាល តាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
តាមបណ្តឹងរបស់ក្រុមហ៊ុនទិញលក់រថយន្តបានបញ្ជាក់ថា ឈ្មោះ ជា សុក្រឆាត មានតួនាទីជាប្រធានផ្នែកលក់បានឃុបឃិតគ្នាជាមួយអតីតបុគ្គលិកផ្សេងទៀត ក្លែងបន្លំកិច្ចសន្យាទិញលក់រថយន្ត និងក្លែងបន្លំរៀបចំឯកសារទិញលក់រថយន្តរាប់រយគ្រឿងដែលនាំចូលក្នុងក្រុមហ៊ុន ដោយប្រើរូបភាពបំភាន់ដាក់តម្លៃលក់ខ្ពស់ជាងទីផ្សារ និងរៀបចំឯកសារបន្លំ លាក់បាំងពីស្ថានភាពរបស់រថយន្តចាស់ដែលប្រើប្រាស់រួចដាក់ជារថយន្តថ្មីក្រដាសពន្ធ ក្នុងគោលបំណងដើម្បីកេងចំណេញផលប្រយោជន៍ពីក្រុមហ៊ុនយកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន ៕
ដោយ ៖ រ៉ារ៉ា