ភ្នំពេញ៖ យោងតាមសេចក្តីរាយការណ៍របស់មន្រ្តីនគរបាលខណ្ឌកំបូល បានឱ្យដឹងនៅរសៀលថ្ងៃព្រហស្បតិ៍ទី១៣ ខែមករា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខណ្ឌកំបូល បានបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ ជាប់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ដោយការប្រព្រឹត្តអំពើហិង្សា(ឆក់យកទូរស័ព្ទដៃ) នៅចំណុចមុខរោងចក្របេតាក្រូ ផ្លូវបេតុង តំបន់សេដ្ឋកិច្ចពិសេស ភូមិភ្លើងឆេះរទេះលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ទៅសាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យចំនួន ០៣នាក់រួមមាន៖ ទី១-ឈ្មោះ ស៊ឹង ប៊ុនឡុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (ឃាត់ខ្លួន មានសារធាតុញៀន) ,ទី២-ឈ្មោះ លន ផាលិ ហៅ ខ្មៅ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជន្លូញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ (ឃាត់ខ្លួន មានសារធាតុញៀន) ,និងទី៣-ឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ឃាត់ខ្លួន មានសារធាតុញៀន)។
របាយការណ៍ដដែល បន្តថា ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល នៅថៃ្ងទី១១ ខែមករា ឆាំ្ន២០២២ កម្លាំងតាមផ្នែកជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចេញល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន បង្ការបង្រ្កាបរាល់បទល្មើសផ្សេងៗ លុះវេលាម៉ោងប្រហែល៤រសៀល ក៏មានការរាយការណ៍ពីសន្ដិសុខ ថា៖ មានករណីឆក់ទូរស័ព្ទកើតឡើង ក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្លាមនោះលោកអធិការបានបញ្ជា កម្លាំងកំពុងល្បាត ឃាត់បានជនសង្ស័យឈ្មោះ លន ផាលិ រួមទាំងទូរស័ព្ទរបស់ជនរងគ្រោះ និងឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹង ប៊ុនឡុង ដែលកំពុងបើកម៉ូតូម្តុំផ្លូវរថភ្លើង ភូមិប្រទះឡាង សង្កាត់ប្រទះឡាង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល។
រហូតដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១០និង៣០នាទីព្រឹក លោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយសមត្ថកិច្ចនគរបាលឃុំជង្រុក ស្រុកគងពិសី ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម សុខនិត ភេទប្រុស អាយុ១៨ឆ្នាំ ដែលកំពុងដេកនៅក្នុងបន្ទប់ជួល ភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមទាំងម៉ូតូម៉ាកសេ១២៥ សេរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1U-1554 ។
ក្រោយឃាត់ខ្លួនវត្ថុតាងចាប់យក៖ ម៉ូតូចំនួន០២គ្រឿង ម៉ាកឃ្លីក ស៊េរី ០២១ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1IY-9347, ម៉ាកសេ១២៥ សេរី០១៤ ឡើងតែម០២១ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1U-1554 របស់ជនសង្ស័យជិះធ្វើសកម្មភាព និងទូរសព្ទចំនួន០១គ្រឿងម៉ាកវីវូ ពណ៌ខ្មៅ ជារបស់ជនរងគ្រោះ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី