ខេត្តកំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកឱរ៉ាល់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជោរ កាលពីរសៀលថ្ងៃទី១៣ខែមករា២០២២ បានបំបែកសំណុំរឿង កូនកាប់សម្លាប់ឪពុកចុងនឹងកាំបិតផ្គាក់ ដោយសារខឹងវាយធ្វើបាបម្ដាយរាល់ថ្ងៃនិងចេះធ្វើអំពើអាបធ្មប់។
សមត្ថកិច្ចទាំង២បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ផ្លេង កម្សត់ ភេទប្រុស អាយុ១៨ឆ្នាំ ដែលបានកាប់ទៅលើឪចុងឈ្មោះ ស្រី វ៉ាត ហៅ ឆូវ អាយុ៤៤ឆ្នាំ រស់នៅភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ដោយកាំបិតផ្គាក់ចំកញ្ចឹង”ក”ស្លាប់ភ្លាមនៅកន្លែងកើតហេតុកាលពីយប់ថ្ងៃទី១០ ខែមករា បន្ទាប់ពីកំណត់មុខសញ្ញា និងបើកប្រតិបត្តិការស្រាវជ្រាវអស់រយ:ពេលច្រើនម៉ោង ។ ជាមួយនេះសមត្ថកិច្ចរឹបអូសវត្ថុតាងរួមមានកាំបិតផ្គាក់១ដើមនិងស្បែកជើងផ្ទាត់១គូរបស់ជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុផងដែរ ។
បច្ចុប្បន្ន កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកឱរ៉ាល់ កំពុងកសាងសំណុំរឿងជនសង្ស័យខាងលើបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់៕
ដោយ ៖ ប្រាថ្នា