ភ្នំពេញ ៖ ពីរនាក់បានហើយ! នេះជាប្រសាសន៍ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខណៈសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ថ្ងៃនេះខ្ញុំនិងភរិយាចាក់វ៉ាក់សាំងដូសជំរុញដើម្បីការពារកូវីដ.១៩។
សម្តេចតេជោបន្តថា, គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំងគួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារនិង៣កុំនោះទេ។
សម្តេចតេជោ លើកឡើងថា, ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែងតែពួកគាត់មិនអាចការពារខ្ញុំមិនឱ្យឆ្លងកូវីដ.១៩បានឡើយ។ ប្រពន្ធនិងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយគឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះទើបអាចការពារខ្លួនខ្ញុំបាន។
សម្តេចតេជោ ហ៊ុនសែន សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាទាំងដូសមូលដ្ឋានទាំងដូសជំរុញដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិ ឃុំយើងនិងជាតិយើង៕
ដោយ ៖ សុខ ខេមរា