ព័ត៌មានទាន់ហេតុការណ៍៖

កាំជ្រួចមីស៊ីល៣គ្រឿងវាយប្រហារស្ថានទូតអាមេរិកនៅក្នុងប្រទេសអុីរ៉ាក់

ចែករំលែក៖

មានពលរដ្ឋពីរនាក់រងរបួសក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីល សំដៅទៅលើស្ថានទូតអាមេរិក ស្ថិតនៅតំបន់បៃតងក្នុងរដ្ឋធានីបាដាដ ប្រទេសអុីរ៉ាក់។ ការវាយប្រហារដោយប្រើប្រាស់កាំជ្រួចមីស៊ីលដល់ទៅ៤គ្រាប់ ក្នុងនោះមានមួយគ្រាប់ធ្លាក់ក្បែរសាលារៀននៅជិតនោះ។
សារព័ត៌មាន AP បានផ្សាយថាមន្ត្រីទាហានអុីរ៉ាក់ដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មានកាំជ្រួចមីស៊ីលដល់ទៅ៣ដើមធ្លាក់នៅក្នុង បរិវេណស្ថានទូតអាមេរិក។ ក្រៅពីនេះនៅមានមីស៊ីលមួយគ្រាប់ទៀតធ្លាក់នៅសាលារៀនក្បែរនោះ។ មានស្ត្រីម្នាក់និងក្មេងស្រីម្នាក់រងរបួសក្នុងការវាយប្រហារនោះ។
កម្លាំងទាហានអុីរ៉ាក់បានលើកឡើងថា មីស៊ីលខាងលើបានបាញ់ចេញពីតំបន់ Dora ក្នុងទីក្រុងបាដាដ ។ ចំណែកជនវាយប្រហារមិនទាន់កំណត់អត្តសញ្ញាណនៅឡើយទេ។ ករណីនេះ អាមេរិកបានទម្លាក់កំហុសទៅក្រុមឧទ្ទាម Shia ដែលទទួលបានការគាំទ្រពីប្រទេសអុីរ៉ង់ ជាអ្នកធ្វើសកម្មភាពវាយប្រហារទៅលើទីតាំងយោធាអាមេរិក។
កាលពីសប្តាហ៍កន្លងមក ក៏មានការវាយប្រហារដោយកាំជ្រួចមីស៊ីលទៅលើទីតាំងយោធាអាមេរិកនៅក្នុងទីក្រុងបាដាដ និងនៅក្នុងខេត្ត Anbar ដែរ។ ការវាយប្រហារធ្វើឡើងចំថ្ងៃខួបដែលអុីរ៉ង់វាយប្រហារទៅលើទីតាំងយោធាអាមេរិកនៅក្នុងប្រទេសអុីរ៉ាក់ ជាការសងសឹកដល់សកម្មភាពវាយប្រហារសម្លាប់មេដឹកនាំយោធាអុីរ៉ង់ លោក Qassem Soleimani ។
បច្ចប្បន្នអាមេរិកមានកម្លាំងទាហាន២៥០០នាក់ស្ថិតនៅក្នុងសម្ពន្ធមិត្តប្រឆាំងក្រុមរដ្ឋអ៊ិស្លាមIS ដោយធ្វើសកម្មភាពប្រឹក្សា ហ្វឹកហាត់ទៅលើកម្លាំងទាហានអុីរ៉ាក់បានបញ្ចប់ទៅនៅខែធ្នូ៕

ដោយ៖ធីរីណា(រូបថត៖ AFP)


ចែករំលែក៖