ខេត្តកំពង់ស្ពឺ៖ ពេញមួយថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ក្រសួងសាធារណការនិងដឹកជញ្ជូនបានសហការជាមួយមន្ត្រីស្ថានីយជញ្ជីងអចល័តពោធិ៍ថ្មី-ខេត្តកំពង់ស្ពឺ និងសមត្ថកិច្ចពាក់ព័ន្ធដើម្បីចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់មានរថយន្តដឹកទំនិញ រថយន្តដឹក ដឹកខ្សាច់និង ដី ចំនួន០៤គ្រឿងដោយផាកពិន័យជាប្រាក់ និងឃាត់រថយន្តទុករយៈពេល០១ឆ្នាំ។ការផាកពិន័យនេះដោយអនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់នៅចំណុចផ្លូវជាតិលេខ៤៤ ត្រង់គ.ម ១២៣ ឃុំវាលពង់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
កម្លាំងចម្រុះបានឲ្យដឹងថាប្រតិបត្តិការនេះ ដឹកនាំដោយលោក គីម សាន់ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីសំណាក់លោក តាំង ពៅ ប្រធានលេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀតផងដែរ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្នុងកិច្ចប្រតិបត្តិការនេះលោក គឹម សាន់ បានពន្យល់ណែនាំដល់ម្ចាស់រថយន្តឱ្យយល់ពីច្បាប់នៃការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ (ច្បាប់ផ្លូវថ្នល់) និងសំណូមពរកុំឱ្យដឹកជញ្ជូនលើសទម្ងន់បន្តទៀត ព្រោះការដឹកលើសទម្ងន់បានបង្ក មហន្តរាយដល់ផ្លូវជាតិ និងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរទៀតផង។
គួរឲ្យកត់សម្គាល់ផងដែរថាកន្លងមកលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជារដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា ក្រុមការងារនឹងចាត់ការតាមនីតិវិធីដោយគ្មានយោគយល់ឡើយ ក្នុងករណីរកឃើញថា រថយន្តដឹកទាំងឡាយណាហ៊ានដឹកលើសទម្ងន់នោះ។ សកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេស ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឱ្យស្របតាមច្បាប់ ការពារមិនឱ្យមានជនខិលខូចបំផ្លិចបំផ្លាញផ្លូវតាមអំពើចិត្តឡើយ។
យ៉ាងណាក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការក្រើនរំលឹក និងអំពាវនាវដល់សមាគមដឹកជញ្ជូនទំនិញផ្លូវគោក សមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ម្ចាស់ការដ្ឋានអាជីវកម្មកិនថ្ម ម្ចាស់ដេប៉ូខ្សាច់ ម្ចាស់ការដ្ឋានជីកយកអាចម៍ដី ឬប្រតិបត្តិករដឹកជញ្ជូនធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ សូមចូលរួមអនុវត្តបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យបានម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ទាំងអស់គ្នា។ ទន្ទឹមនឹងនេះ ក្រសួងនឹងនៅបន្តអនុវត្តតាមបទប្បញ្ញត្តិច្បាប់ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយទោះស្ថិតក្នុងរូបភាពណាក៏ដោយ៕
ដោយ ៖ ប្រាថ្នា