ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមធ្វេីសកម្មភាពឆក់ការបូបលុយពីស្ត្រីម្នាក់បានសម្រេចបណ្តាលឱ្យដួលបោកក្បាលរងរបួសធ្ងន់ធ្ងរខណៈដែលកំពុងជិះម៉ូតូធ្វើដំណើរតាមផ្លូវ ជនសង្ស័យគេចទៅបាត់ដោយសុវត្តិភាព មិនរំខានដល់សមត្ថកិច្ច ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះស្ថិតក្នុងសភាពរបួសធ្ងន់ធ្ងរ បោកផុងលលាដ៍ សន្លប់ឈឹង ឈ្មោះ ពុំ រ៉ាវី ភេទស្រី អាយុជាង៣០ឆ្នាំ ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំពោះទ្រព្យសម្បត្តិវិញមិនទាន់អាចបញ្ជាក់អស់ប៉ុន្មាននោះទេ។
តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាវ៉េវ ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្សុី ក្នុងទិសដៅពីលិចទៅកើត លុះទៅដល់ខាងកើតច្រកចូលព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានជនសង្ស័យ ជិះម៉ូតូម៉ាកហុងដាឌ្រីម មិនចាំស្លាកលេខ ធ្វើសកម្មភាពឆក់ទាញយកកាបូប បណ្តាលឱ្យជនរងគ្រោះដួលបោកនឹងថ្នល់ រងរបួសធ្ងន់ធ្ងរ សង្ឃឹមរស់តិចតួច ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្រ្គោះ ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ភ្លាមៗ ។
តាមប្រជាពលរដ្ឋបានលើកឡើងថា ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ អសន្តិសុខ បទល្មើសចោរឆក់ សឹងរាល់ថ្ងៃទៅហើយ ធ្វើឱ្យប្រជាពលរដ្ឋព្រួយបារម្ភ៕
ដោយ៖ សុខា សែនជ័យ