ខេត្តព្រះសីហនុ ៖ «សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ នេះជាប្រសាសន៍លើកឡើងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។
លោក សាយ សំអាល់ បញ្ជាក់ឱ្យដឹងទៀតថា កម្ពុជាមានសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិបត៍សាសនា ទៅតាមជំនឿរៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។
លោកបានលើកឡើងទៀតថា សាសនាក៏មានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួនផងដែរ។
គួរបញ្ជាក់ថា អមដំណើរលោក សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ ដោយមានការចូលរួមពី លោកអភិបាលរងខេត្តព្រះសីហនុ លោកអភិបាលក្រុង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ជាច្រើនរូប៕
ដោយ ៖ សិលា