ភ្នំពេញ ៖ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនព័ត៌មាន ពីលទ្ធផលនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២២។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស។
លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានអបអរសាទរកម្ពុជា ចំពោះការបំពេញតួនាទីជា ប្រធានអាស៊ានក្នុងឆ្នាំនេះ និងអបអរសាទរ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលទទួលបាន ការតែងតាំងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ាផងដែរ។
លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានរំលឹកនូវទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្ត្ររវាងកម្ពុជា និងបង់ក្លាដែស ដែលត្រូវបានបង្កើតឡើងដោយ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ និងបិតាជាតិបង់ក្លាដែស លោក បង់ហ្កាបាន់ឌូ សេក្ខ មូជីប៊ូរ៉ាម៉ាន់។ លោករដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់ដោយ ការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បន្ទាប់ពីការផ្លាស់ប្តូរទស្សនកិច្ច ផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកស្រីនាយករដ្ឋមន្ត្រី សេក្ខ ហាស៊ីណា។
លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការធ្វើឱ្យកាន់តែ ជិតស្និទ្ធសំដៅបន្តពង្រឹងទំនាក់ទំនង ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ក៏ដូចជាពង្រឹងការគាំទ្រ ទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងសម្រាប់សន្តិភាព ស្ថិរភាព ភាពសុខដុម និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងតំបន់។
លោកបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន បានសំណូមពរកម្ពុជាបន្តគាំទ្រសំណើរបស់បង់ក្លាដែស សុំធ្វើជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ លោក ក៏បានលើកពីបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាខាញ ប្រទេសមីយ៉ាន់ម៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដែស និងបានអំពាវនាវឱ្យកម្ពុជា ក្នុងឋានៈជា ប្រធានអាស៊ាន ដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ក្នុងការនាំមកនូវដំណោះស្រាយប្រកបដោយនិរន្តរភាព ដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនដោយមានភាពរហ័ស សុវត្ថិភាព និងភាពថ្លៃថ្នូរ។
ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបង្ហាញពីការគាំទ្ររបស់កម្ពុជា ចំពោះបំណងរបស់បង់ក្លាដែស ចង់ក្លាយជាដៃគូសន្ទនាតាមវិស័យអាស៊ាន និងស្នើឱ្យបង់ក្លាដែស ពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាននីមួយៗ ដើម្បីបង្កើនកិច្ចសហ ប្រតិបត្តិការជាក់ស្តែងនៅក្នុងតំបន់។ អំពីបញ្ហាជនភៀសខ្លួនពីរដ្ឋរ៉ាខាញ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន បន្តគាំទ្រការពង្រីកតួនាទីរបស់ អាស៊ាន តាមរយៈអគ្គលេខាធិការអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយ មនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព។ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានសន្យានឹង ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ តាមរយៈយន្តការអាស៊ាន ដើម្បីធានា ដំណើរការធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងរដ្ឋរ៉ាខាញ ស្របតាមកិច្ចព្រមព្រៀងទ្វេភាគីរវាងបង់ក្លាដែស និងមីយ៉ាន់ម៉ា។
កិច្ចសន្ទនាតាមទូរស័ព្ទបានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាលក្នុងស្មារតីមិត្តភាព និងការ យល់គ្នាទៅវិញទៅមក៕
ដោយ ៖ សុខ ខេមរា