ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តតូយ៉ូតាព្រូសបុកម៉ូតូពីក្រោយអូសជាច្រើនម៉ែត្របណ្តាលឱ្យបុរសម្នាក់ជាប់ក្រោមរថយន្តរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តតូយ៉ូតាព្រូសបោះពួយយ៉ាងលឿនជ្រុលទៅបុកម៉ូតូស៊ុយហ្ស៊ុយគីនិចពីក្រោយអូសជាច្រើនម៉ែត្រ បណ្ដាលឱ្យអ្នកបើកបរម៉ូតូជាប់នៅក្រោមរថយន្តរងរបួសធ្ងន់។

   ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០១​និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខហាងសាច់អាំង១៦៨ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា​ មុនកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូស៊ុយហ្សុ៊យគីនិច ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1HS-4842ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី​ ក្នុងទិសដៅពីលិចទៅកើត។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តតូយ៉ូតាព្រូសមួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2AN-0700បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឱ្យអូសជាច្រើនម៉ែត្រ​ ចំណែកអ្នកបើកបរម៉ូតូបានជាប់នៅក្រោមរថយន្តរងរបួសធ្ងន់ និងត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុនាំគ្នាជួយលើកផ្ងាររថយន្តរួចយកជនរងគ្រោះលើកដាក់រថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ជាមួយគ្នានោះដែរគេឃើញតៃកុងរថយន្តនិងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អត់ទៅ។

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖