ភ្នំពេញ៖ ដូចការសន្យា និងអះអាងរបស់ម្ចាស់ហាងពេជ្រល្បីឈ្មោះ មួយ អំពីគម្រោងនៃការរចនាមកុដដ៏ស្រស់ស្អាតទាក់ទាញ និងមានតម្លៃថ្លៃ ដើម្បីបំពាក់ជូនទៅដល់ម្ចាស់ជ័យលាភីកញ្ញាឯកចក្រវាឡកម្ពុជា ពីឆ្នាំ ២០២២នេះតទៅ។ កាន់តែធ្វើឲ្យគេចាប់អារម្មណ៍នោះគឺមកុដនេះបង្កប់ទៅដោយអត្តសញ្ញាណខ្មែរគឺជាការច្នៃប្រឌិតនៃការចម្លងចេញពពីទម្រង់មកុដទេពអប្សរាដែលជាស្រីសួរក្នុងទេវកថានិងមាននៅលើជញ្ជាំងប្រាសាទបុរាណខ្មែរនោះ។
ធ្វើឲ្យអ្នកគាំទ្រពេញចិត្តនឹងមកុដតម្លៃជាង១២ម៉ឺនដុល្លារនេះគឺក្រោយពីគំនិតក្នុងការជួយនេះត្រូវបានផ្តួចផ្តើមឡើងដោយម្ចាស់ហាងពេជ្រល្បីឈ្មោះ ក្នុងគោលបំណងលើកដំកើងតម្លៃសិល្បៈពិសេសវិស័យកញ្ញា ឯកនៅកម្ពុជា ។ នៅពេលដ៏ខ្លីខាងមុខនេះមកុដដ៏ស្រស់ស្អាតនេះនឹងលេចរូបរាងជាផ្លូវការ ដែលគេរំពឹងថាពិតជាស្រស់ស្អាត និងសាកសមទៅនឹងម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់ទ្រង់ទ្រាយធំនៅកម្ពុជានេះផងដែរ។ ប្រភពទម្លាយថា មកុដដ៏ស្រស់ស្អាតនេះនឹងបញ្ចេញក្នុងអំឡុងខែឧសភាខាងមុខពោលគឺមុនពេលកម្មវិធីប្រកួតចាប់ផ្តើម ដែលគេជឿជាក់ថានឹងកាន់តែធ្វើឲ្យកម្មវិធីប្រកួតកញ្ញាឯកមួយនេះកាន់តែល្បីឈ្មោះផងដែរ។ នៅថ្ងៃទី២៣ ខែមករាឆ្នាំ ២០២២នេះដែរ កម្មវិធីជួបជុំកញ្ញាឯកចក្រវាឡកម្ពុជា គ្រប់ជំនាន់នឹងត្រូវធ្វើឡើងក្នុងគោលបំណងបង្ហាញមុខ និងជួបជុំអ្នកគាំទ្រ ពិសេសការជជែកដេញដោលជុំវិញការស្វែងរកចំណុចខ្វះខាត ដើម្បីពង្រឹងវិស័យកញ្ញាឯកនេះ ឈានទៅដល់ការប្រកួតប្រជែងដោយទំនុកចិត្តិបន្ថែមនៅលើឆាកអន្តរជាតិផងដែរ។
គួរបញ្ជាក់ដែរថាវិស័យកញ្ញាឯកនៅកម្ពុជាមានការចាប់អារម្មណ៍និងរីកចម្រើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោយពីកម្ពុជាបានដាក់ចេញបេក្ខភាពប្រកួតប្រជែងនៅលើឆាកអន្តរជាតិជាបន្តបន្ទាប់។ កញ្ញាឯកចក្រវាឡគឺជាកម្មវិធីប្រកួតទ្រង់ទ្រាយធំមួយដែលមានច្រើនជាង៧០ឆ្នាំកន្លងមកហើយ ហើយកម្ពុជាបានបញ្ចូលបេក្ខជនរបស់ខ្លួនចូលរួមប្រកួតចំនួន៥រូបរួចមកហើយ ហើយបើទោះបីជាមិនបានទទួលជោគជ័យប៉ុន្តែវាបានបង្ហាញពីភាពស្មើមុខស្មើមាត់របស់កម្ពុជាលើឆាកអន្តរជាតិ និងបាននាំយកនូវវប្បធម៌ខ្មែរទៅបង្ហាញលើឆាកអន្តរជាតិផងដែរ៕
ដោយ ៖ វឌ្ឍនា