ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រសួងអប់រំយុវជននិងកីឡា បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការសុវត្ថិភាពសុខភាពនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស។
យោងតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល មេរោគបំប្លែងខ្លួនអូមីក្រុង បានរីករាលដាលដល់ខេត្តមួយចំនួន។ ដូច្នេះដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតយ៉ាងឆាប់រហ័សនៃវីរុសបំប្លែងខ្លួនអូមីក្រុង នៅក្នុងគ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់នូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖
១-ពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឱ្យបានខ្ជាប់ខ្ជួន និងការរក្សាគម្លាតសុវត្ថិភាពឱ្យបានម៉ឺងម៉ាត់។
២-ត្រួតពិនិត្យសុខភាព និងអាការៈរបស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្សឱ្យបានជាប្រចាំ។ ក្នុងករណីមានកម្ដៅលើសពី៣៧,៥អង្សាសេ ឬមានរោគសញ្ញាដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឱ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឱ្យឈប់សម្រាករហូតដល់បានធូរស្រាលសុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សាដោយផ្ទាល់នៅ គ្រឹះស្ថានសិក្សាវិញ។
៣-អនុវត្តការបង្រៀន និងរៀនតាមបណ្ដុំ (សិស្សមិនលើសពី២០នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែលមានចំណុះសិស្សច្រើន រួមជាមួយនឹងការបង្រៀន និងរៀនតាមអនឡាញ។
ទទួលបានសេចក្ដីណែនាំនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ ៖ សិលា