ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយនឹងលោក ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។
នៅក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ពិតជារីករាយដែលបន្តឃើញវឌ្ឍនភាព និងការរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-វៀតណាម។ លោក ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) ក៏បានពាំនាំនូវការផ្តាំសួរសុខទុក្ខពីប្រមុខដឹកនាំរបស់ប្រទេសវៀតណាម ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីផងដែរ។ ឯកឧត្តមបានកោតសរសើរ និងស្ញប់ស្ញែងចំពោះការប្រែប្រួលក៏ដូចជាការអភិវឌ្ឍក្នុងរយៈពេលខ្លី និងការរីកចម្រើននៅប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ។ លោក បន្តថា បច្ចុប្បន្នកម្ពុជានៅតែបន្តរីកលូតលាស់ទៅមុខ ជាពិសេសការពង្រឹងតួនាទីរបស់ខ្លួន និងកិត្តិនាមរបស់កម្ពុជានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិផងដែរ។ បន្ថែមពីនេះលោក បានមានប្រសាសន៍ថា លោក បានមើលឃើញពីការរីកចម្រើនរបស់កម្ពុជា។
លោក ប៊ូយ ថាញ់សឺន ក៏បានជូនពរចំពោះការបោះឆ្នោតនៅកម្ពុជានៅពេលខាងមុខ ជាពិសេសការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០២២ខាងមុខ។ លោក មានប្រសាសន៍ថា វៀតណាមគាំទ្រចំពោះកម្ពុជាដែលធ្វើប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ។ លោក បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅមានទំនាក់ទងល្អប្រសើរជាពិសេសតាមរយៈការទស្សនកិច្ចនៃការដឹកនាំកំពូលនៃប្រទេសទាំងពីរនាពេលកន្លងមក ដែលបានធ្វើឲ្យចំណងមិត្តភាពរវាងកម្ពុជា និងវៀតណាមកាន់តែមានភាពល្អប្រសើរឡើង។
លោករដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍បន្ថែមទៀតថាឆ្នាំនេះជាខួបលើកទី៥៥នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ បច្ចុប្បន្ន កំណើនពាណិជ្ជកម្មប្រទេសទាំងពីរមានកើនឡើងយ៉ាងខ្ពស់រហូតដល់ដប់ជិត១០ពាន់លាន បើប្រៀបធៀបទៅឆ្នាំមុន។ ដូច្នេះលោកសង្ឃឹមថា វៀតណាម-កម្ពុជា នឹងបន្តពង្រឹងនៃការតភ្ជាប់សេដ្ឋកិច្ច និងបន្តធ្វើការជាមួយគ្នា ធ្វើយ៉ាងណាឱ្យឆ្នាំនេះ កំណើនសេដ្ឋកិច្ចមានការឡើងជាបន្តទៀត ជាពិសេសការជំរុញកិច្ចសហការលើគ្រប់វិស័យ ដូចជា វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យផ្សេងផ្សេងទៀត។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានថ្លែងអំណរគុណសម្តេចតេជោក្នុងការជំរុញឲ្យបើកឡើងវិញនៃជើងយន្តហោះ ដោយផ្ទាល់រវាងកម្ពុជា និងវៀតណាមដែលបានដំណើរការទៅថ្មីៗនេះធ្វើឲ្យការធ្វើដំណើរកាន់តែងាយស្រួលជាងមុន ជាពិសេសទៀតនោះការជំរុញឲ្យមានការទទួលស្គាល់នៃលិខិតឆ្លងដែលហៅថាប៉ាស្ព័រវ៉ាក់សាំងនោះ។ លោកក៏បានរាយការណ៍ជូនសម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរថា កាលពីពេលកន្លងទៅនេះ ឯកឧត្តមបានជួបពិភាក្សាការងារទៅក្នុងកិច្ចប្រជុំគណៈកម្មការចម្រុះ លើកទី១៩ មានការចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន ដែលលទ្ធផលនៃកិច្ចប្រជុំនោះគឺទទួលបាននូវភាពជោគជ័យ។ ក្រៅពីកិច្ចការទ្វេភាគី ក៏មានការផ្លាស់ប្តូរមតិជុំវិញបញ្ហាតំបន់ និងអន្តរជាតិផងដែរ លើសពីនេះទៀតឧត្តមក៏បានមានប្រសាសន៍ពាក់ព័ន្ធនឹងការងារអាស៊ាន ក៏ដូចជាវៀតណាមផងដែរ ហើយគាត់ក៏បានគូសបញ្ជាក់ថា ប្រទេសវៀតណាម នឹងធ្វើអ្វីតាមដែលខ្លួនអាចធ្វើទៅបានដើម្បីគាំទ្រឲ្យកិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលបានភាពជោគជ័យ។ឯកឧត្តម ក៏បានអរគុណសម្តេចតេជោមន្ត្រី ដែលបន្តការគាំទ្រទៅដល់ពាណិជ្ជកររបស់វៀតណាមដែលធ្វើធុរកិច្ចនៃប្រទេសកម្ពុជាផងដែរ។
លោក ប៊ូយ ថាញ់សឺន បានគូសបញ្ជាក់ផងដែរថា កម្ពុជា និងវៀតណាមនឹងបន្តជំរុញកិច្ចសហការជាពិសេសព្រំដែនរវាងប្រទេសទាំងពីរឲ្យក្លាយជាព្រំដែននៃសន្តិភាព។ ទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ លោក ប៊ូយ ថាញ់សឺន (Bùi Thanh Sơn) បានអបអរសាទរចំពោះដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ា លោកចាត់ទុកថាទស្សនកិច្ចនេះ គឺមានសារៈសំខាន់សម្រាប់ការងារអាស៊ាន ហើយឯកឧត្តមមានការគាំទ្រចំពោះសកម្មភាពដែលសម្ដេចតេជោបានចូលរួមចំណែកជួយដល់មីយ៉ាន់ម៉ានោះ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា អ្វីដែលប្រជាជននៃប្រទេសទាំងពីរបានទទួលផលពីគ្នាទៅវិញទៅមក គឺយើងមានព្រំដែនប្រកបដោយសុខសន្តិភាព។ សម្ដេចតេជោបានមានប្រសាសន៍ពីការងារចាក់វ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ ដែលសកម្មភាពនេះជាឱកាសដែលយើងអាចបើកប្រទេសឡើងវិញ ក៏ដូចជាបើវិស័យទេសចរណ៍ឡើងវិញផងដែរ។ សម្ដេចតេជោមានជំនឿថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងបន្តកើនឡើងបន្ថែមទៀត លើសពី ១០ពាន់លានទៅទៀត។ សម្ដេចតេជោបានមានប្រសាសន៍ថាការបើកសាលារៀនឡើងវិញនេះ ឃើញថាសិស្សជាច្រើនបានត្រឡប់ចូលរៀនវិញហើយ ប៉ុន្តែយើងមិនមានករណីឆ្លងច្រើនដែលគួរឲ្យកត់សម្គាល់នោះទេ ។ ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្តេចតេជោ បានគូសបញ្ជាក់ថាយើងត្រូវតែ ខិតខំបន្តជំរុញ លើការវិនិយោគពាណិជ្ជកម្មទេសចរណ៍ ដើម្បីឲ្យសេដ្ឋកិច្ចមានការតភ្ជាប់គ្នា។ សម្ដេចតេជោក៏បានមានប្រសាសន៍ពីគម្រោងនៃការតភ្ជាប់ ផ្លូវដែកកម្ពុជា និងវៀតណាមដោយសម្ដេចចង់ឃើញជំរុញការតភ្ជាប់ផ្លូវដែកនេះ ដែលនឹងអាចជួយសម្រួលដល់ ការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរផងដែរ។ ពាក់ព័ន្ធទៅនឹងរឿងអាស៊ានសម្ដេចតេជោបានមានប្រសាសន៍ថា អាស៊ានមានការងារធ្វើជាច្រើនមិនមែនមានតែរឿងមីយ៉ាន់ម៉ានោះទេ។ អាស៊ានមិនមែនជាចំណាប់ខ្មាំងនៃមីយ៉ាន់ម៉ាឡើយ តែយើងនៅតែបន្តខិតខំជួយដល់មីយ៉ាន់ម៉ា តែការងារដែលអាស៊ានត្រូវធ្វើគឺមានជាច្រើនទៀត ។
ទាក់ទងទៅនឹងការជំរុញ COC សម្ដេចតេជោបានបញ្ជាក់ថា នៅក្នុងជំនួបជាមួយនឹងលោកអគ្គលេខាធិការអាស៊ាន លោកអគ្គលេខាធិការអាស៊ានបានផ្ដល់ មន្ទីអគ្គលេខាធិការដ្ឋានអាស៊ានក្នុងការចចារ និងការប្រជុំសម្រាប់ការងារ COC ហើយកន្លងមកសម្ដេចក៏ធ្លាប់បានផ្ដល់នូវសណ្ឋាគារហាយ៉ាត់រីជិនស៊ីភ្នំពេញ សម្រាប់ជាកន្លែងចរចាផងដែរ ក្នុងការជំរុញការងារនេះ។ ជាចុងក្រោយ សម្ដេចតេជោ ក៏បានជូនពរឲ្យឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម ទទួលបាននៅសុខភាពល្អ និងជោគជ័យជាបន្តបន្ទាប់ទៀត៕
ដោយ៖ស តារា