ភ្នំពេញ ៖ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សាលើរបាយការណ៍លទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធនឹងខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រមួយពាក់ព័ន្ធពីការដឹកនាំ និងគ្រប់គ្រងរបស់លោកអភិបាលស្រុក។
ករណីនេះបានធ្វើឡើង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន លោក អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការចុះធ្វើអធិការកិច្ចនៅរដ្ឋបាលស្រុកបាទី ខេត្តតាកែវ ពាក់ព័ន្ធនឹងខ្លឹមសារដែលបានចុះផ្សាយលើគេហទំព័រមួយដោយស្នើសុំឱ្យមានការអង្កេតស្រាវជ្រាវលើការដឹកនាំ គ្រប់គ្រងរបស់លោកអភិបាលស្រុក និងចុះអង្កេតស្រាវជ្រាវករណីស្រះទឹកនៅស្រុកបាទី ខេត្តតាកែវ ដែលមានគណនីហ្វេសប៊ុករបស់ប្រជាពលរដ្ឋមួយរូប បានផ្ញើសារចូលប្រអប់សារទំព័រហ្វេសប៊ុករបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចោទប្រកាន់លោកអភិបាលស្រុកថាបានឃុបឃិតគ្នាក្នុងការស្នើសុំវិនិយោគអភិវឌ្ឍស្រះត្រពាំងខ្នារនិងស្រះយុវជន(ស្រះយុវជន យុវនារីបដិវត្តន៍)ដែលមានទីតាំងស្ថិតនៅភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។ ចំពោះលទ្ធផលនៃកិច្ចប្រជុំនេះ អង្គភាព អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ មិនទាន់បញ្ជាក់នៅឡើយទេ ខណៈស្ថិតក្នុង ការស៊ើបអង្កេត តាមដានស្រាវជ្រាវ ពីក្រុមជំនាញរកអោយឃើញការពិត ៕
ដោយ ៖ សិលា