ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបញ្ជូនជនសង្ស័យជាចោរឆក់កាបូបលុយទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យចំនួន០៣នាក់ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២០ខែមករាឆ្នាំ២០២២នេះ។

   លោកអធិការក្រុងប៉ោយប៉ែតសៅ សារឿន បានមានប្រសាសន៍ថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ និងចុះផ្សាយតាមហ្វេសប៊ុកថា មានចោរជិះម៉ូតូឆក់យកកាបូបលុយ ខ្សែក ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋមក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបាន​ដាក់បទបញ្ជាឱ្យកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតចុះធ្វើការស្រាវជ្រាវនិងចេញអន្តរាគមន៍ល្បាតដើម្បីទ្រោលសភាពការណ៍ក្នុងភូមិសាស្ត្រ។

   លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងទៀតថា៖ ជនសង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួននេះ គឺពាក់ព័ន្ធនឹងករណីជិះម៉ូតូឆក់យកកាបូបលុយ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ មាន៖ ១-ឈ្មោះ ខន វុទ្ធី ហៅធី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ធ្លាប់ចេញឆក់ ចំនួន០៦ដង។ ២-ឈ្មោះ សៀង ដែន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ចំនួន០៤ដង និង៣-ឈ្មោះ អេង អយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ធ្លាប់ចេញឆក់ចំនួន០៣ដង។

   លោកបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានចេញឆក់ជាបន្តបន្ទាប់មែនក្នុងអំឡុងពេលឆ្លងឆ្នាំសាកល និងដើមខែមករានេះ គឺចេញឆក់នៅផ្លូវដើមពុទ្រា ផ្លូវវត្តត្រាច ផ្លូវម្តុំខារ៉ាអូខេអេហ្វផ្លាស់ និងតាមផ្លូវជាតិក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ហើយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២កន្លងមកនេះ ពួកខ្លួនបានចេញឆក់ជាថ្មី ក៏ត្រូវនគរបាលចាប់ខ្លួនតែម្តង។  ក្រោយសួរនាំរួចជនសង្ស័យទាំង៣នាក់ត្រូវបាន ការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕

ដោយ ៖ វណ្ណា


ចែករំលែក៖