ព័ត៌មានទាន់ហេតុការណ៍៖

លោក ជា ច័ន្ទបរិបូរណ៍៖ បើ E-Sport មិនឡើង នៅស៊ីហ្គេមវៀតណាម អាចពិចារណាគ្នាថាតើគួររៀចំ E-Sport ក្នុងស៊ីហ្គេម ២០២៣ ឬអត់

ចែករំលែក៖

ភ្នំពេញ៖ លោក ជា ច័ន្ទបរិបូណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) លើកឡើងថា «ប្រសិនបើប្រភេកីឡាអេឡិចត្រូនិចមិនរីកចម្រើនទាល់តែសោះ ក្នុងស៊ីហ្គេម នៅវៀតណាម នាខែឧសភា ឆ្នាំ២០២២នេះ នោះយើងនឹងប្រជុំពិចារណាជាមួយគ្នាថាតើគួររៀបចំធ្វើកីឡាអេឡិចត្រូវនិក ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឬអត់?»។ នេះបើយោងតាមប្រភពីផេក (Cambodia2023)CAMSOC ជាមបួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣ 

#កីឡារស់ក្នុងសន្ដិភាព_SPORT:_LIVE_IN_PEACE នៅព្រលប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២២។ 

នេះជាការបង្ហាញនូវការទទួលខុសត្រូវខ្ពស់របស់លោក នៅក្នុងឱកាសសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារ Raffles Hotel Le Royal រាជធានីភ្នំពេញ។

ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបញ្ជាក់ទៀតថា «សម្រាប់ការត្រៀមស៊ីហ្គេម ឆ្នាំ២០២២នេះ ខ្ញុំមិនចង់និយាយអំពីថាតើប្រភេទកីឡាអេឡិចត្រូនិកកម្ពុជាមានក្តីសង្ឃឹមខ្ពស់ក្នុងការប្រជែងមេដាយកម្រិតណានោះទេ ប៉ុន្តែខ្ញុំចង់ឃើញពីក្រាហ្វិចកើនឡើងពីចម្លោះស៊ីហ្គេម លើទី៣០ នៅប្រទេសហ្វីលីពីន ឆ្នាំ២០១៩ និងការចូលរួមប្រកួត ស៊ីហ្គេម លើទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ថាតើកម្រិតប្រកួតប្រជែងអាចឈានឡើងបន្ថែម ឬធ្លាក់ចុះ ឬអាចរក្សានៅកម្រិតដដែល។ ប្រសិនបើមិនរីកចម្រើនទាល់តែសោះ ឬរក្សាកម្រិតដដែល ខ្ញុំនឹងពិចារណាជាមួយគ្នាថាតើគួររៀបចំ  E-Sport នៅក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ឬអត់។ ទោះបីយើងរៀបចំក៏អត់មានន័យអ្វីដែរ»។

លោក ជា ច័ន្ទបរិបូណ៍ បន្ថែមថា អ្វីដែលសំខាន់នៃគោលដៅចំពោះមុខនេះ គឺយើងត្រូវមានមហិច្ឆតារួមគ្នា ដោយសហព័ន្ធមានគោលការណ៍ច្បាស់លាស់ ការលើកទឹកចិត្ត ជាពិសេសគឺកីឡាករត្រូវតែមានមហិច្ឆតាដូចគ្នា ក្នុងការសម្រួចឆន្ទៈប្រកួតដណ្តើមមេដាយយកមកជូនជាតិដូចគ្នា។ ដូច្នេះសហព័ន្ធ និងកីឡាករត្រូវខិតខំរួមគ្នា ដើម្បីឈានដល់លទ្ធផលដ៏គាប់ប្រសើរណាមួយ សម្រាប់ជាតិ។ «វាដូចជាគោមួយនឹម ឬទូកមួយអាចទៅមុខបាន អាស្រ័យដោយមានការប្រឹងប្រែង ឬអ្នកអុំទូកត្រូវរួមកម្លាំងសាមគ្គីគ្នា»។

ជាមួយគ្នានោះ លោកប្រធានសហព័ន្ធក៏បានលើកទឹកចិត្តជូនដល់កីឡាករទាំងអស់ថា គប្បីត្រូវប្រឹងប្រែងឲ្យខ្លាំងក្លា ពីព្រោះម្ចាស់មេដាយដែលដណ្តើមពីការប្រកួតពិភពលោក ឬស៊ីហ្គេម នឹងទទួលបានការលើកទឹកចិត្តពិសេសពីក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ការខិតខំអស់ពីសមត្ថភាព គឺជាមោទនភាពរបស់យើងទាំងអស់គ្នា។

គួរបញ្ជាក់ថា គោលបំណងនៃការរៀបចំសន្និសីទសារព័ត៌មាននេះ គឺសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងរៀបចំការប្រកួតជ្រើសរើសក្រុមជម្រើសជាតិជាតិកម្ពុជា សម្រាប់វិញ្ញាសា Mobile Legends និង PUBG Mobile ចាប់ពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ ការចុះឈ្មោះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ ចំពោះក្រុមជ័យលាភីចំណាត់ថ្នាក់លេខ១ ដល់លេខ៤ទទួលបានការជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិកម្ពុជា ព្រមទាំងមានគណៈប្រតិភូ គ្រូបង្វឹក និងពិធីករ (Caster) ត្រឹមត្រូវមួយចំនួន។ ជាពិសេសទៀតនោះជាការអភិវឌ្ឍបង្កើនសមត្ថភាព បំផុសបំផុល និងជំរុញកីឡាអេឡិចត្រូនិកកម្ពុជាដើម្បីឲ្យរីកចម្រើនឈានឡើងលំដាប់អន្តរជាតិ សម្រាប់ត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ជាមួយគ្នានេះ កីឡាអេឡិចត្រូនិកកម្ពុជា២ក្រុមជាប់ឈ្មោះទៅស៊ីហ្គេមរួចហើយ បន្ទាប់ពីជាប់វគ្គជម្រុះក្នុងចំណោមកំពូលទាំង៨។ សម្រាប់ PUBGM គឺក្រុម APG E-sports និង Orange E-sports ដែលជាក្រុម២ដំបូងគេជាប់ទៅដំណើរឆ្ពោះទៅកីឡាស៊ីហ្គេម ក្រោយឆ្លងកាត់ការប្រកួតព្រឹត្តិការណ៍មុនស៊ីហ្គេម (Pre-SEAGAMES) នៅដើមឆ្នាំនេះ៕

ដោយ ៖ សិលា


ចែករំលែក៖