ខេត្តកណ្តាល៖ កម្លាំងនគរបាលស្រុកកៀនស្វាយសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបនិងឃាត់ខ្លួនក្រុមជនសង្ស័យ៦នាក់ក្នុងចំណោមបក្ខពួក៧នាក់ពាក់ព័ន្ធនឹងករណីលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី ត្រង់ចំណុចភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការស្រុកកៀនស្វាយបានឱ្យដឹងថា ជនសង្ស័យមានចំនួន០៧នាក់គឺ១-ឈ្មោះសូ សំអ៊ន ហៅ វី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ២-ឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឫស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ៣-ឈ្មោះស៊ីម សំបូរ ហៅ ឌុន ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលក្នុងភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ៤-ឈ្មោះ ចិះ ភារុណ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបណ្តោះអាសន្នក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ៥-ឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន)។ ៦-ឈ្មោះត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាសៅឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ ៧-ឈ្មោះឡាច ម៉េងលាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែក ឃុំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្ដាល(រត់គេចខ្លួន)។
ចំពោះវត្ថុតាងចាប់យករួមមាន៖ ១-ម៉ូតូចំនួន៨គ្រឿង, ២-ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន០៣កញ្ចាប់ (ធំ០១កញ្ចប់មធ្យម០១កញ្ចប់ តូច០១កញ្ចប់), ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១, សម្ភារសម្រាប់វេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន,សម្ភារសម្រាប់ធ្វើសកម្មភាពកាច់កម៉ូតូមួយចំនួនថែមទៀតផង។
លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ កម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយសហការជាមួយកម្លាំងប៉ុស្តិ៍ឈើទាល ប៉ុស្តិ៍កំពង់ស្វាយ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយនិងកម្លាំងអធិការដ្ឋានខណ្ឌច្បារអំពៅបានចុះស៊ើបអង្កេតស្រាវជ្រាវមុខសញ្ញាឆក់ លួច ម៉ូតូតាមបណ្តោយផ្លូវលេខ១១០ យ៉ាងសកម្ម ហើយជាលទ្ធផលក៏ឃាត់បានមុខសញ្ញានិងបក្សពួកខាងលើរួមជាមួយវត្ថុតាងពាក់ព័ន្ធបទល្មើសយកមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះត្រាយ សម្ជស្ស ហៅភ័ស ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនបានទទួលយកម៉ូតូចំនួន០៣គ្រឿងពីឈ្មោះឡាច ម៉េងលាង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកឃ្លោក ឃ៉ំព្រែកឃ្លោក ស្រុកស្អាង ខេត្តកណ្តាល ។
នៅថ្ងៃមិនចាំ ខែវិច្ឆិកា ឆ្នាំ២០២១ ម៉ោង១៧និង០០នាទី ឈ្មោះ ឡាច ម៉េងលាង បានយកម៉ូតូមួយគ្រឿងម៉ាកហុងដាគុប ពណ៌ខៀវ គ្មានស្លាកលេខ ឱ្យមក(ខ្លួន)ឈ្មោះ ត្រាយ សម្ជស្ស ហៅភ័ស យកទៅលក់ឱ្យឈ្មោះសំរិទ្ធ ប៊ុនណា ហៅ ពេទ្យ ភេទប្រុស ក្នុងតម្លៃ ១៥០.០០០៛(ដប់ប្រាំម៉ឺនរៀលគត់)។
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី ឈ្មោះឡាច ម៉េងលាង ភេទប្រុស បានយកម៉ូតូមួយគ្រឿងម៉ាកហុងដាគុបមូល ពណ៌ខៀវ គ្មានស្លាកលេខឱ្យខ្លួនយកទៅលក់ឱ្យឈ្មោះ អ៊ន ស្រ៊ាន់ ភេទប្រុស ក្នុងតម្លៃ៣០០.០០០៛(សាមសិបម៉ឺនរៀលគត់)។
ក្រោយពីសាកសួររួច ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី៕
ដោយ៖ ស្អាងជ័យ