ភ្នំពេញ៖ បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងឱ្យដឹងនាព្រឹកថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី យ៉ាងដូច្នេះថា៖ បន្ទាប់ពីលោក Saifuddin Abdullah បានផ្តល់បទសម្ភាសន៍ជាមួយព័ត៌មាន Aljazeera ដោយបានវាយប្រហារទៅលើដំណើរទស្សនកិច្ចរបស់ម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាពេលកន្លងទៅនេះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន បានបង្ហាញការប្រតិកម្មខ្លាំងៗចំពោះសម្តីរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដោយហ៊ានវាយប្រហារចំពោះដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានហៅលោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ជាអ្នកការទូតមិនយល់ពីសិល្បៈការទូត ហើយព្រហើនហ៊ានប្រើសម្តីវាយប្រហារលើប្រធានអាស៊ាន។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា៖ ក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក ប្រធានាធិបតីឥណ្ឌូនេស៊ី នាព្រឹកថ្ងៃសុក្រ ទី២១ ខែមករានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ញើសារទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ដោយស្នើរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បញ្ជូនសារប្រតិកម្មរបស់សម្តេចបន្តទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះ ថា៖«សម្តេចតេជោនាយរកដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ថ្វីត្បិតរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ធ្លាប់ធ្វើការងារក្នុងក្របខណ្ឌគណបក្សប្រឆាំងនាពេលកន្លងទៅនេះក៏ដោយ ប៉ុន្តែគាត់មិនគួរណាក្នុងនាមជារដ្ឋមន្ត្រីការបរទេស និងជាអ្នកការទូតមួយរូប បែរជាប្រើពាក្យសំដីព្រហើនជាមួយប្រធានអាស៊ាន ក៏ដូចជាប្រមុខរដ្ឋាភិបាលអាស៊ាន ដែលពុំមានប្រើប្រាស់ភាសាការទូតសោះឡើយ»។
លោក កៅ គឹមហួន បានដកស្រង់ប្រសាសន៍សម្តេចតេជោ ដែលបានជជែកជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី មកបញ្ជាក់ទៀតថា «ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧-៨ ខែមករា កន្លងទៅនេះ គឺដើម្បីដាំដើមឈើ មិនមែនទៅកាប់ឈើទេ។ ហើយការដាំដើមឈើនេះ មិនមែនដាំមួយថ្ងៃហើយរំពឹងថាបានផ្លែផ្កាភ្លាមនេះទេ ព្រោះទាមទារពេលវេលា ដំណោះស្រាយនយោបាយដែលមានលក្ខណៈយូរអង្វែង គឺទាមទារពេលវេលា និងធ្វើការឱ្យបានគ្រប់ជ្រុងជ្រោយ»៕
ដោយ៖ស តារា