ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងព្រមានបន្តសាកល្បងបរមាណូ និងកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA នៅថ្ងៃទី២០ខែមករាបានផ្សាយថា ទីក្រុងព្យុងយ៉ាងនឹងបង្កើនសកម្មភាពការពារ ហើយអាចបន្តសកម្មភាពចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ដែលបានផ្អាកជាយូរមកហើយនោះ។
មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន បានកោះប្រជុំមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សពលករកាន់អំណាច ដើម្បីពិភាក្សាលើគោលនយោបាយសំខាន់ៗ ក្នុងនោះក៏មានវិធានការទប់ទល់ជាមួយការដាក់ទណ្ឌកម្មរបស់អាមេរិកផងដែរ។ នៅក្នុងរបាយការណ៍នៃកិច្ចប្រជុំបានបញ្ជាក់ថា ការគំរាមកំហែងដោយយោធារបស់ទីក្រុងវ៉ាស៊ីនតោនបានឈានដល់កម្រិតគ្រោះថ្នាក់។
ទាំងនោះហើយបានជាទីក្រុងព្យុងយ៉ាងត្រូវតែត្រៀមលក្ខណៈ យ៉ាងល្អិតល្អន់បំផុតដើម្បីប្រឈមមុខជាមួយអាមេរិកយូរអង្វែង។ កូរ៉េខាងជើងក៏បានឡើងគម្រោងចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមដែលបានផ្អាកជាយូរមកហើយ ។
ការប្រឈមមុខតានតឹងកាន់តែខ្លាំងក្រោយពេលកូរ៉េខាងជើងបានសាកល្បងកាំជ្រួចមីស៊ីល៤លើក ក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះនាដើមឆ្នាំ២០២២។ ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា សកម្មភាពរបស់ទីក្រុងព្យុងយ៉ាងអាចនឹងបង្កឱ្យមានភាពតានតឹង កាន់តែខ្លាំងឡើង ហើយអាមេរិកអាចបន្តដាក់ទណ្ឌកម្មដូចកាលពីឆ្នាំ២០១៧៕ ដោយ៖ធីរីណា

រូបថត៖BBC.


ចែករំលែក៖