ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីស្នើពលរដ្ឋចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីPayne បានអំពាវនាវដល់ពលរដ្ឋរបស់ខ្លួនចាកចេញពីប្រទេសអ៊ុយក្រែនជាបន្ទាន់ ដោយជើងហោះហើរចេញចូលប្រទេសអ៊ុយក្រែននឹងត្រូវផ្លាស់ប្តូរឬអាចផ្អាកទាំងស្រុងដោយសារបញ្ហាសន្តិសុខ។

នៅពេលនេះអូស្ត្រាលីបានសម្រេចជម្លៀសគ្រួសាររបស់បុគ្គលិកការទូតប្រចាំនៅអ៊ុយក្រែនចាកចេញពីប្រទេសនេះ ហើយស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែចាកចេញបញ្ជៀសការជាប់គាំង ដោយសង្គ្រាមប្រដាប់អាវុធ។
នៅព្រឹកថ្ងៃទី២៥ ខែមករា សារព័ត៌មាន ABC របស់អូស្ត្រាលីបានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Marise Payne ដែលបានបញ្ជាក់ថា មានពលរដ្ឋអូស្ត្រាលី ១៤០០នាក់កំពុងតែស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន ។ លោកស្រីក៏បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវតែចាកចេញពីទីក្រុង Kiev ដើម្បីបញ្ចៀសអំពើហិង្សា និងមិនអាចចាកចេញទាន់ពេលវេលា។
រដ្ឋមន្ត្រី Marise Payne បានបញ្ជាក់ថា ជើងហោះហើរចេញពីប្រទេសអ៊ុយក្រែនអាចនឹងផ្លាស់ប្តូរឬ ផ្អាកទាំងស្រុងដោយសារបញ្ហាសន្តិសុខ មិនអាចព្យាករជាមុនបានឡើយ ក្នុងពេលកំពុងតែតានតឹងខ្លាំងជាមួយប្រទេសរុស្ស៊ី។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីបានបញ្ជាក់ថា អូស្ត្រាលីបានគាំទ្រដែនអធិបតេយ្យភាពរបស់ប្រទេសអ៊ុយក្រែន ហើយអំពាវនាវដល់ប្រទេសរុស្ស៊ីបញ្ឈប់សកម្មភាពដើម្បីបញ្ចប់ភាពតានតឹង ។ ជាមួយគ្នានេះដែរ អូស្ត្រាលីអាចនឹងជួយដល់វិស័យយោធាអ៊ុយក្រែនដោយផ្ទាល់ ក្នុងពេលចាំបាច់៕ ដោយ៖ សាធី

រូបថត៖ABC


ចែករំលែក៖