សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលពីរដើមចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះនៅថ្ងៃទី ២៥ខែមករា ។ នៅពេលនេះមន្ត្រីកូរ៉េខាងត្បូងកំពុងតែស្រាវជ្រាវបញ្ជាក់ ពីការសាកល្បងមីសុីលខាងលើ។
យោធាកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា កូរ៉េខាងជើងទំនងជាបានបាញ់មីស៉ីលចំនួន២គ្រាប់ទៀត ដែលធ្លាក់ទៅក្នុងសមុទ្រភាគខាងកើត ក្រោយការធ្វើតេស្តមីស៉ីលបាលី
ស្ទិកជាបន្តបន្ទាប់ក្នុងខែមករានេះ។
នេះជាការធ្វើតេស្តមីស៉ីលលើកទី៥ហើយក្នុងឆ្នាំនេះសម្រាប់ទីក្រុងព្យុងយ៉ាង ខណៈដែលប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្តេជ្ញាពង្រឹងសមត្ថភាពយោធារបស់ខ្លួនឱ្យកាន់តែរឹងមាំថែមទៀត ស្របពេលដែលកិច្ចចរចាជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅតែបន្តជាប់គាំងដដែល។
កន្លងមកក្នុងខែមករានេះ កូរ៉េខាងជើងធ្លាប់បានបាញ់តេស្តមីស៉ីលចំនួន៤លើករួចមកហើយ ដែលរួមមានការបាញ់មីស៉ីលបាលីស្ទីក (ballistic missile) និងមីស៉ីលល្បឿនលឿនជាងសំឡេង (hypersonic missile) ហើយការធ្វើតេស្តថ្មីចុងក្រោយគេគឺកាលពីថ្ងៃទី១៧ ខែមករា។ សកម្មភាពធ្វើ
តេស្តមីស៉ីលយ៉ាងសស្រាក់សស្រាំបែបនេះរបស់កូរ៉េខាងជើងបានញ៉ាំងឱ្យមានការបង្ហាញក្តីបារម្ភពីសំណាក់ប្រមុខអង្គការសហប្រជាជាតិ ហើយរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងព្យុងយ៉ាងផងដែរ៕ ដោយ៖ សាធី
រូបថត៖AFP/VNA