ព័ត៌មានទាន់ហេតុការណ៍៖

លោក គង់ សំណាង បូមខ្សាច់​លប់​អាងស្តុកទឹក​ ឬ​ ស្រែអ៊ូ​រ​ រំលោភ​យកដី​រដ្ឋ ក្រសួងជំនាញ និងគណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ អោយចាត់ការបញ្ជូនទៅតំណាងអយ្យការ តែស្ងាត់ឈឹងដដែល !

ចែករំលែក៖

ខេត្តកំពត ៖ ពិតជាថ្លេីមធំណាស់​ ឬកើតឡើងដោយសកម្មភាព អំពើពុករលួយជាលក្ខណៈប្រព័ន្ធ ទើបលោក គង់ សំណាង អាងអំណាចបក្សពួក​ជា​អភិបាល​រងខេត្ត​  ហ៊ាន​បូមខ្សាច់​លប់​អាងស្តុកទឹក​ ឬ​ ស្រែអ៊ូ​រ​ រំលោភ​យកដី​រដ្ឋ​ហើយ​ ហ៊ាន​ប្ដឹង​ក្រុមសាមគ្គីទៀត​ ។ ដោយឡែកក្រសួងជំនាញ និងគណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ អោយចាត់ការបញ្ជូនទៅតំណាងអយ្យការ មកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នេះ លោក គង់ សំណាង នៅតែលោក គង់ សំណាង ដដែល ឬមួយក៏ លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត កំពុងចាត់ការហើយ តែមិនអោយដឹងពីដំណើរនីតិវិធី ! 

សូមបញ្ជាក់ថា,  ៖​ នៅថ្ងៃទី៦ ខែ​មករា​ ឆ្នាំ​ ២០២២​ កន្លង​មក​នេះ​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​ នវានុវត្តន៍​ និង​ គណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ បាន​ចេញលិខិតដាច់ដោយឡែកពីគ្នា​ផ្ញើ​ជូន​ទៅ​ លោក អភិបាល​ ខេត្ត​កំពត​ អោយចាត់ការតាមច្បាប់​ចំពោះ​ លោក​ គង់​ សំណាង​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​កំពត​ និង​ បក្សពួក​ ដែល​បានបូមខ្សាច់លប់អាងស្តុកទឹក​ ឬ​ ស្រែអ៊ូរ​ នៅចំណុច​ភូមិ​ ទទឹង​ថ្ងៃ​ សង្កាត់​បឹងទូក​ ក្រុង​បូកគោ​ ខេត្ត​កំពត​ ។  

នៅឆ្នាំ​ ២០២០​ លោក​ គង់​ សំណាង​ និង​ បក្សពួក​ បានឃុបឃិតគ្នា​បូមខ្សាច់​លប់​អាងស្តុកទឹក​ និង​ ស្រែអ៊ូរ​ ដោយខុសច្បាប់​ បង្ករអោយរាំងស្ទះដល់​ការ​ផលិត​អំបិល​របស់​ក្រុម​សាមគ្គី​ នៅ​ភូមិ​ ទទឹង​ថ្ងៃ​ សង្កាត់​បឹងទូក​ ក្រុង​បូកគោ​ ខេត្ត​កំពត​ ។  បន្ទាប់​ពី​មាន​ករណី​នេះកេីតឡេីង​ ក្រុម​ការងារ​របស់​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ និង​ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ បានចុះស្រាវជ្រាវ​រកឃេីញថា​ ឈ្មោះ​ គង់​ សំណាង​ ពិតជាបាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ បូមខ្សាច់​លប់​អាងស្តុកទឹក​ ឬ​ ស្រែអ៊ូ​រ​ ពិតប្រាកដ​មែន​ និងបានស្នេីអោយ​អាជ្ញាធរ​ខេត្ត​កំពត​ រៀបចំ​ឯកសារ​ប្ដឹង​ឈ្មោះ​ គង់​ សំណាង​ ទៅ​ព្រះ​រាជ​អាជ្ញា​ចាត់​ការ​តាមច្បាប់​ ។  ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​ អាជ្ញាធរ​ខេត្ត​កំពត​ មិនទាន់​ចាត់​វិធានការ​ចំពោះ​ឈ្មោះ​ គង់​ សំណាង​ នៅឡេីយ​ទេ​ ហេីយអ្វីដែលហួសចិត្តទៀតនេះ​ គឺ​ ឈ្មោះ​ គង់​ សំណាង​ ដែល​រំលោភ​យកដី​រដ្ឋ​នេះ​ បានប្ដឹង​ប្រជាពលរដ្ឋ​ក្រុមសាមគ្គីផលិតអំបិលថែមទៀត​ ។  លេីសពីនេះទៅទៀត​ មាន​អភិបាល​រងខេត្ត​កំពត​ម្នាក់​ និង​ ថ្នាក់​ដឹកនាំ​ក្រុម​ប្រឹក្សា​ខេត្ត​កំពត​ម្នាក់​ ចេញមុខការពារបុគ្គល​ គង់​ សំណាង​ ថែមទៀត​ សង្ស័យពាក់ព័ន្ធនឹងប្រយោជន៍ នៃការរំលោភដកដីរដ្ឋនេះ។ 

មជ្ឈដ្ឋានមហាជន​ទូទៅរបស់ប្រជាពលរដ្ឋខេត្តកំពត កំពុង​រង់ចាំ​មេីល​ ចំណាត់​ការ​របស់​ លោល ម៉ៅ​ ធនិន​ ដែល​ពលរដ្ឋ​ផ្ដល់​រហ័ស​នាមថា អភិបាលខេត្តស្រឡាញ់យុត្តិធម៍ នោះ​ តេី​ អាចចាត់ការ​បុគ្គល​ល្មេីស​ច្បាប់​ គង់​ សំណាង​ និង​ បក្សពួក​បានដែរ​ ឬ​ យ៉ាងណា​ ?

សូមរម្លឹកថា, ពាក់ព័ន្ធករណីខាងលើកន្លងទៅ គឺខាង គណៈ កម្មាធិការជាតិ គ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា គោរពជូន អភិបាលនៃគណ:អភិបាលខេត្តកំពត និងជា ប្រធានគណៈកម្មាធិការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ខេត្តកំពត ប្រាប់ពីកម្មវត្ថុ,  ករណីបូមខ្សាច់លុបអាងស្តុកទឹក ឬស្រែរអ៊ូ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ភូមិទទឹងថ្ងៃ ឃុំ បឹងទូក ស្រុកទឹកឈូ ខេត្ត។ ដោយបញ្ជាក់ថា, ខ្ញុំសូមជម្រាបជូន លោកអភិបាលនៃគណៈអភិបាលខេត្ត ជ្រាបថា ករណីបូមខ្សាច់លុបអាងស្តុកទឹក ឬស្រែអ៊ូរ សម្រាប់ផលិតអំបិល នៅមណ្ឌលបឹងទូក ភូមិ ទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងគណៈកម្មា ធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ស្នើលោកចាត់វិធានការ និងដាក់បណ្តឹង ដើម្បីអោយព្រះរាអាជ្ញាអនុវត្តច្បាប់។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលខេត្ត ដឹកនាំ និងចាត់ចែងតាមការគួរ។ ដែលការងារនេះ តាំងពីសម័យលោក ជាវ តាយ ជាអភិបាលខេត្តមកម្លេះ ។ មកដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ២០២២ ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​ នវានុវត្តន៍​ និង​ គណៈកម្មាធិការ​ជាតិ​ គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​ បាន​ចេញលិខិតដាច់ដោយឡែកពីគ្នា​ផ្ញើ​ជូន​ទៅ​ លោក អភិបាល​ ខេត្ត​កំពត​ អោយចាត់ការតាមច្បាប់​ចំពោះ​ លោក​ គង់​ សំណាង សារជាថ្មី ដូច្នេះចាំមើល លោក ម៉ៅ ធនិន ឬលោកម្ចាស់ប៉ាវ មានវិធានការបែបណា ចំពោះបុគ្គលរំលោភយកដីរដ្ឋ។

ពាក់ព័ន្ធករណីនេះ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” មិនអាចទាក់ទងសុំការបំភ្លឺពី លោក គង់ សំណាង និងអាជ្ញាធរបានទេ ខណៈគ្មានលេខទូរស័ព្ទ ប៉ុន្តែ អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត”នឹងរងចាំទទួលនូវការបញ្ជាក់ណាមួយដោយមានលក្ខណៈស្របច្បាប់ គ្រប់ម៉ោងធ្វើការ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖