ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មចិនប្រចាំកម្ពុជា ដែលដឹកនាំដោយលោក Zhang Hailong ប្រធានសភាពាណិជ្ជកម្មចិន ដោយមានការអមដំណើរពីតំណាងក្រុមហ៊ុន CACS និងតំណាងក្រុមហ៊ុន GCC នៅទីស្តីការក្រសួង។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងស្នើសុំអនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់ពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទាក់ទងនឹងការវិនិយោគលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការរថយន្តដើរដោយថាមពលអគ្គិសនី និងការអប់រំបណ្តុះបណ្តាលបច្ចេកទេសសម្រាប់វិស័យនេះ ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីឱ្យបានទូលំទូលាយនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម តំណាងក្រុមហ៊ុននីមួយៗបានបង្ហាញនូវបទពិសោធន៍ និងសកម្មភាពការងាររបស់ខ្លួន ក៏ដូចជាទំនាក់ទំនងជាមួយនឹងបណ្ដាក្រុមហ៊ុនពាក់ព័ន្ធផ្សេងទៀត ដែលពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី និងបានជម្រាបជូនអំពីគម្រោងដំឡើងស្ថានីយសាកថ្មរថយន្តEVs ចំនួន១០ទីតាំង ដើម្បីជំរុញលើកទឹកចិត្ត និងទាក់ទាញការចាប់អារម្មណ៍ឱ្យមានការប្រើប្រាស់ពីសំណាក់សាធារណៈទូទៅ។
ថ្លែងក្នុងជំនួបនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រដល់គម្រោងដែលក្រុមហ៊ុន ស្នើឡើង និងបានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនផ្តោតការចាប់អារម្មណ៍លើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ដំណើរការស្ថានីយ៍សាកថ្មរថយន្តតាក់ស៊ីដើរដោយថាមពលអគ្គិសនី នៅក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងបានបង្ហាញការព្រួយបារម្ភលើការបោះចោលអាគុយចាស់ៗចេញពីរថយន្តដើរថាមពលអគ្គិសនី និងបានស្នើឱ្យក្រុមហ៊ុនពិចារណាលើបញ្ហានេះឱ្យបានសមស្រប ដើម្បីចៀសវាងការធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន។
ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ ក្រសួងគ្រោងនឹងរៀបចំដាក់តាំងបង្ហាញរថយន្តដើរដោយថាមពលអគ្គិសនីនៅក្នុង Showroom ក្នុងបរិវេណទីស្តីការក្រសួង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីសាធារណជន ក៏ដូចជាអ្នកប្រើប្រាស់យានយន្តសម្រាប់ធ្វើដំណើរផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីតួនាទីជាអ្នកសម្របសម្រួលរបស់ក្រសួង សាធារណការ និងដឹកជញ្ជូនរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងវិស័យឯកជន និងបានសង្កត់ធ្ងន់ថា៖ ក្រសួងមិនមែនជាចៅហ្វាយរបស់វិស័យឯកជនទេ ប៉ុន្តែជាអ្នកសម្របសម្រួលសម្រាប់វិស័យឯកជន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឱ្យមានការរីកចម្រើន។
ជាការឆ្លើយតប តំណាងក្រុមហ៊ុនសន្យានឹងលើកយកបញ្ហាកង្វល់ទាក់ទងនឹងការបោះចោលអាគុយចាស់ៗចេញពីររថយន្តដែលលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើង ទៅរាយការណ៍ជូនថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដើម្បីពិចារណាយកទៅអនុវត្តនៅពេលគម្រោងនេះចាប់ផ្តើមដំណើរការនៅកម្ពុជា៕
ដោយ៖ស តារា