ខេត្តពោធិ៍សាត់ ៖ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹង នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា ល្ងាចថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅភូមិស្ដុកឃ្លោក ឃុំអូរប៉ោង ស្រុកបាកាន មានបុរសឈ្មោះ មុត តាក់ ភេទប្រុស អាយុ ៦៥ឆ្នាំ ជនជាតិខ្មែរ បានតខ្សែភ្លើងចេញពីផ្ទះក្នុងគោលបំណងឆក់ត្រីក្នុងទឹកស្រះក្បែរផ្ទះ បានភ្លាត់ស្នៀតឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ខ្លួនឯងភ្លាមៗ ។
ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានស្រុកកណ្ដៀងឯនេះវិញបានឲ្យដឹងដែរថា នៅព្រឹកថ្ងៃដដែលខាងលើ ស្ថិតនៅភូមិទួលគូ ឃុំកោះជុំ ស្រុកកណ្ដៀង មានបុរសឈ្មោះ យឹប ចាន់ដៀ អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បានចងកធ្វើអត្តឃាតនៅដើមពុទ្រាក្រោយផ្ទះ សង្ស័យអាក់អន់ចិត្តម្ដាយស្ដីបន្ទោស ។
ប្រភពបញ្ជាក់ទៀតថា កាលពីថ្ងៃ២២ កន្លងទៅ នៅភូមិកំពង់ឃ្នាស ឃុំក្បាលត្រាច ស្រុកក្រគរ ឯនេះវិញ មានបុរសឈ្មោះ តើ ទី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ.ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានស្លាប់បាត់បង់ជីវិតផងដែរ ដែលគេសង្ស័យជំងឺគាំងបេះដូង ។
ដោយឡែកៈ នៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ត្រូវបានអាជ្ញាធរមូលដ្ឋានបញ្ជាក់ឲ្យដឹងទៀតថា ក៏មានបុរសឈ្មោះ ខេន សាន អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ បានស្លាប់បាត់បង់ជីវិតផងដែរ ខណៈអាចបណ្ដាលមកពីជំងឺគាំងបេះដូងដូចគ្នាករណីខាងលើ។
ករណីមានមនុស្សស្លាប់ជាបន្តបន្ទាប់រហូតដល់ទៅចំនួន៤នាក់ផ្សេងៗគ្នាខាងលើ ស្ថាប័នមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ សហការគ្នាចុះពិនិត្យ និងធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់ មុនប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ បុឹម ពិន