ព័ត៌មានទាន់ហេតុការណ៍៖

ប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្នកដទៃមិនបានសម្រេចត្រូវនគរបាលឃាត់ខ្លួនបាន២នាក់

ចែករំលែក៖

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឱ្យដឹង                                                                                                                                                     ថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានឃាត់ខ្លួនជនសង្ស័យ០២នាក់ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិគេនៅចំណុចផ្លូវលេខ២៧១ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

   របាយការណ៍ដដែលបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះទី១-ឈ្មោះ មាស សាវឿន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក (មានសារធាតុញៀន) ។ ២-ឈ្មោះ រ៉ម វរល័ក្ខ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់វាលវង់ ខណ្ឌ៧មករា (មានសារធាតុញៀន) ហើយត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនពេលកំពុងល្បាតក្នុងមូលដ្ឋាន។ ចំពោះសម្ភារបាត់បង់៖ គ្មាន រីឯសម្ភារបន្សល់ទុកមានម៉ូតូ០១គ្រឿងម៉ាកហ្សូមឺរ-អុិច ពណ៌ក្រហមលាយឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ1MH-0296 , សរសៃលួសរឹងកែច្នៃសម្រាប់ឆ្កឹះមេសោ០១។ 

   បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖