ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតចាប់ជនមិន​ស្គាល់​អត្តសញ្ញាណ​ផ្ញើ​ប្រអប់​មួយ​តាមរយៈ​ក្រុមហ៊ុន J&T បង្កប់គ្រាប់បែកកែច្នៃ

ចែករំលែក៖

ខេត្តប៉ៃលិន​ ៖​ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខ ជន​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ដែលបាន​ទាក់ទង​ផ្ញើ​ប្រអប់​មួយ​តាមរយៈ​ក្រុមហ៊ុន J&T ហើយត្រូវបានក្រុមហ៊ុនកើតមានការសង្ស័យក៏​បើក​មើល ស្រាប់តែ​ប្រទះឃើញ​គ្រាប់បែក​កែច្នៃ១គ្រាប់នៅ​ខាងក្នុងប្រអប់នោះ។

 ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលា​ម៉ោង ៦និង២០​នាទី​យប់ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ បន្ទាប់ពីមាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បាន​ទូរស័ព្ទ​មក​ក្រុមហ៊ុន J&T តាមរយៈ​ទូរស័ព្ទ​លេខ ០១១ ២១៧ ០៤៤ ហើយ​ប្រាប់ថា ឱ្យទៅ​យក​អីវ៉ាន់ នៅ​ចំណុច​តារាង​បាល់ ខាងកើត​រូបសំណាក​លោកយាយ​យ៉ា​ត ស្ថិតក្នុង​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។ លុះដល់​ម៉ោង ៦និង៥៤​នាទី​យប់ បុគ្គលិក​ក្រុមហ៊ុន​បាន​ទៅយក​អីវ៉ាន់​ពី​ជន​មិន​ស្គាល់​អត្តសញ្ញាណ នៅ​ចំណុច​ខាងលើ ហើយជន​នោះបាន​ប្រាប់​ទៅខាង​ក្រុមហ៊ុន​មិនឱ្យ​បើក​មើល​អី​វ៉ាន់​នោះទេ។ លុះក្រោយពេល​យកមក​ដល់​ក្រុមហ៊ុន ខាង​ក្រុមហ៊ុន​កើតក្តី្តសង្ស័យ ព្រោះមាន​ការ​វិច​ខ្ចប់​មិន​ត្រឹមត្រូវ ក៏បាន​បើក​មើល ស្រាប់​តែមាន​អណ្តាតភ្លើង​ឆេះ​ឡើង។ ប៉ុន្តែ​ត្រូវបាន​បុគ្គលិក​យក​ទឹក​ចាក់​ពន្លត់​ទាន់ ។​

ប្រភពដដែលបានបញ្ជាក់ឲ្យដឹងទៀតថា អីវ៉ាន់​នេះ គឺមាន​គោលដៅ​ផ្ញើ​ទៅ​សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ដោយមានអ្នកទទួលកាន់ទូរ​ស័ព្ទលេខ ០៨៦ ២២៤ ៤៤០/ ០១២ ៤០៥ ៧១៦ ។​​

 យ៉ាងណាក្រោយ​កើតហេតុ​ភ្លាម មន្ត្រី​ជំនាញរបស់អង្គការ CMAC បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ និង​បាន​បញ្ជាក់ថា អី​វ៉ាន់​នេះ ជា​ប្រភេទ​គ្រាប់បែក​កែច្នៃ ដែលមាន​កម្លាំង​ផ្ទុះ ស្មើនឹង​កម្លាំង​ផ្ទុះ​របស់​មីនតោន​ចំនួន​មួយ​គ្រាប់ រួចក៏យកទៅរក្សាទុករង់ចាំកម្ទេចចោលជាក្រោយ។

 ក្នុងករណីដែរ សមត្ថកិច្ចកំពុងធ្វើការស៊ីបអង្កេតស្រាវជ្រាវចាប់ខ្លួនជនពាក់ព័ន្ធដើម្បីចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕

 

ដោយ ៖ ប្រាថ្នា


ចែករំលែក៖