ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា !

ចែករំលែក៖

ភ្នំពេញ ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអោយដឹងថា, លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។

ក្រសួង ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់ថា, តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នឹងអញ្ជើញមកបំពេញ ទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦-២៩ ខែមករា ឆ្នាំ២០២២។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ច លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាលើទិដ្ឋភាពផ្សេងៗនៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទ្វេភាគី ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ព្រមទាំង សំណើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត ផងដែរ។

លោកស្រីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការទីម័រខាងកើត ក៏រំពឹងថានឹងមានជំនួប ដាច់ឡែកឡែកពីគ្នាជាមួយឥស្សរជនកម្ពុជាមកពីវិស័យសាធារណៈ និងឯកជន ដទៃទៀតផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ – មកកាន់កម្ពុជា នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីម័រខាងកើត ក្នុងការធ្វើការ កាន់តែជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការទាំងនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ទៅវិញទៅមកន ប្រទេសទាំងពីរ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖