ខេត្តបន្ទាយមានជ័យ ៖ សំណង់មួយកន្លែងដែលម្ចាស់សាងសង់លើដីចំណីផ្លូវសំរាប់ជួលឲ្យពលរដ្ឋលក់ដូររដ្ឋបាលក្រុងប៉ោយប៉ែតចុះពិនិត្យនិងតម្រូវឲ្យម្ចាស់រុះរើវិញនាព្រឹកថ្ងៃទី២៧ ខែមករាឆ្នាំ២០២២ឋិតតាមបណ្ដោយផ្លូវZOAឋិតក្នុងភូមិបាលិលេយ្យ១សង្កាត់-ក្រុងប៉ោយប៉ែត។
សំណង់ខាងលើត្រូវគេមើលឃើញថាមានចំនួន១៤តូបសាងសង់គ្មានច្បាប់អនុញ្ញាត សាងសង់រំលោភលើដីចំណីផ្លូវ នៅខាងកើតផ្សារត្រី ក្នុងនោះក្រុមគណៈកម្មការចម្រុះរបស់រដ្ឋបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោក កែវ តារារស្មី អភិបាលរងក្រុងប៉ោយប៉ែត បានចុះបាញ់ថ្នាំតម្រូវឱ្យម្ចាស់តូបដែលបានសាងសង់តូបលក់ដូររំលោភលើដីចំណីផ្លូវ និងគ្មានច្បាប់អនុញ្ញាត រួមទាំងផ្គើនទៅសេចក្តីណែនាំ រដ្ឋបាលក្រុងប៉ោយប៉ែត រុះរើចេញ។
ស្របតាមសេចក្តីណែនាំរបស់រដ្ឋបាលក្រុងប៉ោយប៉ែត លោក កែវ តារារស្មី បានណែនាំដល់តំណាងម្ចាស់តូបឲ្យធ្វើកិច្ចសន្យា ផ្តិតមេដៃ រុះរើតូបផ្នែកដែលចូលដីចំណីផ្លូវចេញវិញ ក្នុងគោលបំណងទប់ស្កាត់សំណង់គ្មានច្បាប់អនុញ្ញាត ការពារសណ្តាប់ធ្នាប់សាធារណៈ និងរក្សាសោភ័ណ្ឌភាពក្រុង រួមទាំងតម្រូវឲ្យម្ចាស់សំណង់បំពេញបែបបទស្នើសុំលិខិតអនុញ្ញាតសាងសង់ និងបើកការដ្ឋានតាមនីតិវិធីច្បាប់ជាមុនសិន។
សំណង់ខាងលើសាងសង់បានប្រមាណ៩០ភាគរយហើយ មានចំនួន១៤តូបនិងមានអាជីវករចូលលក់ជាបណ្តើរៗហើយ ដែលការសាងសង់ដំបូងរដ្ឋបាលក្រុងប៉ោយប៉ែតក៏បានចុះទៅធ្វើការណែនាំ និងឲ្យផ្អាកការសាងសង់ផងដែរ តែម្ចាស់សំណង់ផ្គើន ទៅនិងសេចក្តីណែនាំរបស់អាជ្ញាធរបន្តសាងសង់ដើម្បីឲ្យហើយនិងជួលឲ្យពលរដ្ឋលក់ដូរ។ទោះបីជាយ៉ាងណា លោក កែវ តារារស្មី បញ្ជាក់ថា បើម្ចាស់សំណង់នៅតែបន្តផ្គើនមិនព្រមអនុវត្តន៍តាមគោលការរបស់រដ្ឋបាលក្រុង និងសុំគោលការណ៍ពីព្រះរាជអាជ្ញានិងអនុវត្តតាមច្បាប់ ៕
ដោយ ៖ វណ្ណា