ព័ត៌មានទាន់ហេតុការណ៍៖

ប្រតិបត្តិករទេសចរណ៍ និងអ្នកសារព័ត៌មានស្វែងយល់អំពីសក្តានុពលធម្មជាតិនៅជួរភ្នំក្រវាញ

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា,ដើម្បីទទួលបានបទពិសោធន៍ផ្សងព្រេងដោយផ្ទាល់នៅក្នុងតំបន់ទេសចរណ៍ធម្មជាតិឈានមុខគេ និងពោរពេញដោយភាពទាក់ទាញ នៅតាមតំបន់ធម្មជាតិជួរភ្នំក្រវាញ គម្រោង   «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា»បានរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីផលិតផល និងសេវាកម្មទេសចរណ៍ធម្មជាតិ រយៈពេល០៤ថ្ងៃចាប់ពីថ្ងៃទី២៥ដល់ទី២៨ ខែមករា ឆ្នាំ២០២២ ដោយមានការអញ្ជើញឲ្យចូលរួមពីសំណាក់ក្រុមអ្នកសារព័ត៌មាន  ក្រុមការងារម្ចាស់ជំនួយមកពីធានាគារពិភពលោក ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ  និងប្រតិបត្តិករទេសចរណ៍ សរុបមានចំនួន៥៥នាក់។

បើតាមការបញ្ជាក់ពីលោក ឃិន ម៉េងឃាង ជាប្រធានគ្រប់គ្រងគម្រោងនិងជាប្រធាននាយកដ្ឋានទេសចរណ៍ធម្មជាតិនៃក្រសួងបរិស្ថានបានឲ្យដឹងថា ការរៀបចំដំណើរទស្សនកិច្ចនេះគឺមានគោលបំណងដើម្បីបង្ហាញទីតាំងទេសចរណ៍ធម្មជាតិល្អដាច់គេនៃតំបន់ជួរភ្នំក្រវាញទៅកាន់ក្រុមប្រតិបត្តិករទេសចរណ៍ក្នុងស្រុកនិងអន្តរជាតិ ក៏ដូចជាក្រុមអ្នកសារព័ត៌មានដើម្បីបន្តយកទៅផ្សព្វផ្សាយឲ្យបានទូលំទូលាយពីសក្តានុពលវិនិយោគប្រកបដោយនិរន្តរភាពនិងភាពទាក់ទាញដ៏រស់រវើកនៃតំបន់ទាំងនេះ។

ក្នុងរយៈពេល០៤ថ្ងៃនៃដំណើរទស្សនកិច្ច ក្រុមអ្នកចូលរួមក៏អាចស្វែងយល់កាន់តែច្បាស់ពីរបៀបរស់នៅ ជីវភាព និងសកម្មភាពចិញ្ចឹមជីវិតនានារបស់ប្រជាសហគមន៍នៅក្នុងតំបន់ជួរភ្នំក្រវាញផងដែរ។ នៅក្នុងកម្មវិធីនៃដំណើរទស្សនកិច្ច ក្រុមអ្នកចូលរួមនឹងត្រូវធ្វើដំណើរទៅកាន់តំបន់ជាច្រើន ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងកោះកុង ដែលមានដូចជាសហគមន៍អេកូទេសចរណ៍ចំបក់ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ សហគមន៍អេកូទេសចរណ៍ជីផាត់ តំបន់ថ្មរូង តំបន់ស៊ីនតាម៉ានីវ៉ាល ជំរុំបោះតង់ភ្នំក្រវាញ ស្ថានីយសួនសត្វក្បែរជីផាត់ ដងស្ទឹងតាតៃ ទន្លេ៤កោះអណ្តែត ស្ទឹងអារ៉ែង ភ្នំម្រេចកង្កែប និងទឹកធ្លាក់ស្ទឹងពង្រូល៕

ដោយ ៖ សិលា


ចែករំលែក៖